ភ្នំពេញ៖បុរសម្នាក់ ដែលប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបាននិយាយឲ្យដឹងថា ទំនងជាងងុយដេក បានបើករថយន្តមកបុកស្ត្រីម្នាក់កំពុងតែដែកនៅក្បែររទះអូសអេតចាយ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នៅជាប់ខាងក្រោយរបងវត្តសុរ៉ាវ័ន តាមបណ្ដោយផ្លូវ១៩ ស្ថិតក្នុងសង្កាត់ជ័យជុំនះ ខណ្ឌដូនពេញ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានសង្កែតឃើញបុរសបង្កម្នាក់បើករថយន្តហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2M.7093 ទិសដៅពីត្បួងទៅជើងតាមបណ្ដោយផ្លូវ១៩ ខណះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមកបុកនិងកិនស្ត្រីម្នាក់ដែលតែងតែដើររើសអេតចាយ និងកំពុងតែដេកនៅក្បែររទះរបស់គាត់ ត្រូវរថយន្តបង្កនោះបានមកបុកនិងកិនពេញទំហឹងបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យរទះរបស់គាត់និងរថយន្តកាមរីបាឡែនដែលចតចោលនៅលើចញ្ចៀមផ្លូវរងការខូចខាតផងដែរ។
បន្ទាប់ក្រោយមក ស្ត្រីជនរងគ្រោះដែលជាម្ចាស់រទះអេតចាយនោះ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តបង្កនិងរថយន្តកាមរីបាឡែន ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វើការវាស់វែងស្ទូចកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់។ដោយ:ជីម ភារ៉ា




































