សៀមរាប: បញ្ហាប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅប្រទេសជិតខាងដើម្បីស្វែងរកការងារធ្វើ នៅតែជាក្តីកង្វល់របស់អាជ្ញាធរមូលដ្ឋាន ។ ប្រតិភូមួយក្រុម ដែលដឹកនាំដោយលោកស្រី គួយណាលីន បានចុះជួបក្រុមគ្រួសារនៃជនងាយរងគ្រោះ ដើម្បីបាននិយាយពន្យល់អំពីការធ្វើចំណាកស្រុកនោះ ។ រយៈពេលជាច្រើនឆ្នាំកន្លងមក ជាក់ស្តែងក្នុងរដូវប្រាំងឆ្នាំ២០១៦នេះ គឺក្រោយពីរដូវធ្វើស្រែវស្សាត្រូវបានបញ្ចប់ ប្រជាពលរដ្ឋកម្ពុជាមួយចំនួន ដែលរស់នៅតាមមូលដ្ឋានជនបទ នៅតែបន្តសកម្មភាពនៃការធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើនៅប្រទេសជិតខាង ជាពិសេសគឺការចាកចោលផ្ទះសម្បែងនិងក្រុមគ្រួសាររបស់ខ្លួន ទៅលក់
កម្លាំងពលកម្មនៅប្រទេសថៃ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងដោយលោក ឈឹម ទុន ប្រធានក្រុមប្រឹក្សាស្រុកអង្គរជុំ នៃ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ នៅវត្តបត់ ភូមិបត់ ឃុំដូនពែង ក្នុងឱកាសនៃជំនួបសំណេះសំណាលមួយ រវាងប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងជាប្រតិភូសាខាកាកបាទក្រហមកម្ពុជា(ខេត្តសៀមរាប) ជាមួយគ្រួសារនៃជនងាយរងគ្រោះ ។លោកស្រី យូ សុភា អភិបាលរងខេត្តនិងជាអនុប្រធានសមាគមកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តសៀមរាប បានលើកឡើងថា៖ សេចក្តីរាយការណ៍របស់លោកប្រធានក្រុមប្រឹក្សាស្រុកអង្គរជុំ គឺជាទឡ្ហីករណ៍ អំពីការព្រួយបារម្ភរបស់អាជ្ញាធរមូលដ្ឋាននៅក្នុងទូទាំងខេត្តសៀមរាប ចំពោះសុខទុក្ខនៃប្រជាពលរដ្ឋចំណាកស្រុក ដើម្បីស្វែងរកការងារធ្វើទាំងនោះ ។ លោកស្រីបានថ្លែងនូវការផ្តាំផ្ញើជូនចំពោះគ្រួសារនៃជនងាយរងគ្រោះ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឲ្យជួយមើលការខុសត្រូវជូនប្រជាពលករយើង ដោយបញ្ជាក់ថា ៖ ទី១ បើសិនជាគ្មានជម្រើសដែលត្រូវតែធ្វើចំណាកស្រុក គឺត្រូវធ្វើចំណាកស្រុកដោយស្របច្បាប់ ហើយទី២ គឺមិនត្រូវភ្លេចកាតព្វកិច្ចជាពលរដ្ឋល្អនោះឡើយ គឺត្រូវ
បំពេញកាតព្វកិច្ចចុះឈ្មោះបោះឆ្នោត និងចូលរួមបោះឆ្នោត ផងដែរ ។(ប្រធានប្រតិភូនេះ) លោកស្រី គួយ ណាលីន-ឃឹមប៊ុនសុងប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងជាអនុប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា(ខេត្តសៀមរាប) មានប្រសាសន៍ថា ៖ ជាគោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គឺសុវត្ថិភាពរបស់ប្រជាពលករ ដែលក្នុងនោះ ! ទី១ គឺចង់បានកម្លាំងពលករដែលជាធនធានរបស់ជាតិ បានបំពេញការងារនៅក្នុងប្រទេស ទី២ ដើម្បីបំពេញបំណងចាំបាច់របស់ពលករកម្ពុជា ក្នុងការស្វែងរកការងារធ្វើនៅប្រទេសថៃ ឆ្នាំ២០១៥កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃ ដែលតំណាងដោយក្រសួងការងារនៃប្រទេសទាំង២ បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ស្តីពីការប្រើប្រាស់កម្លាំងពលកម្ម ក្នុងគោលបំណង បង្កើតក្របខណ្ឌច្បាស់លាស់មួយ សម្រាប់សម្របសម្រួលការងារតាមកិច្ច
សន្យារបស់ពលករឲ្យមានប្រសិទ្ធភាព តម្លាភាព លើមូលដ្ឋានសិទ្ធិនិងប្រសិទ្ធផលខ្ពស់ ។
លោកស្រីបានបញ្ជាក់ថា ៖ ពលករកម្ពុជាត្រូវបានការការពារតាមច្បាប់ អនុលោមតាមកិច្ចសន្យាការងារ ដោយយោងតាមកិច្ចព្រមព្រៀងនោះ ។ លោកស្រីបានបញ្ជាក់បន្ថែមថា ៖ ដូច្នេះបើសិនជាបងប្អូនប្រជាពលរដ្ឋយើង មានការសម្រេចចិត្តធ្វើចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃ គឺត្រូវចាកចេញទៅដោយស្របច្បាប់ ចៀសវាងការចាញ់ឧបាយកលមេខ្យល់ ដែលត្រូវប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា នោះ ។



































