កំពង់ធំៈ ករណីសម្លាប់គ្នាផ្ទួនៗជាបន្តបន្ទាប់ ដែលជាចំណងដៃស្វាគមន៍ លោក ឡង គីសឹង អភិបាលស្រុក សណ្តាន់ ដែលទើបតែបោះជំហ៊ានចុះពីនាយរដ្ឋបាលសាលាខេត្តកំពង់ធំ មកគ្រប់គ្រងជាអភិបាលស្រុកសណ្តាន់ថ្មី មិនទាន់បានមួយដង្ហើមចង្រឹតផង មានករណីសម្លាប់គ្នាដូចសត្វធាតុ ។
ជាក់ស្តែង ប្តីប្រពន្ឋមួយគូរបានសម្លាប់គ្នាមិនទាន់បូជាសុះផង ឥឡូវបែរជាមាន ក្រុមស្ទាវប្រើប្រាស់កំភ្លើងកែច្នៃបាញ់សម្លាប់ទៅលើបុរសម្នាក់ កាលពីរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៦ វេលាម៉ោង២.៣០នាទី នៅចំណុចបឹងធំ ខាងត្បូងភូមិកែរ៉ង ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
ករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះ ដែលត្រូវបានគេស្គាល់ឈ្មោះឈន វួច អាយុ 26 ឆ្នាំ ទីលំនៅ ភូមិកើតហេតុ ដែលបង្ករឡើងដោយជនសង្ស័យ បី នាក់ ទី១ ឈ្មោះ មិន បឿន អាយុ25ឆ្នាំ រស់នៅភូមិ កែរ៉ងទី២ ឈ្មោះ ខេង សុផាត អាយុ 21 ឆ្នាំ រស់នៅភូមិ កែរ៉ងទី៣ ឈ្មោះ ខាន់ ឡែន អាយុ 21 ឆ្នាំ ទីលំនៅ ភូមិ ទឹកវិល ឃុំក្លែង ស្រុកសណ្ដាន់ ខេត្ត កំពង់ធំ ។
តាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ចបាន ឲ្យដឹងថា ជនសង្ស័យ៣នាក់ បានរួមគ្នាបាញ់សម្លាប់ជនរងគ្រោះ ដោយប្រើកំភ្លើងឆ្នុក ដែលជាទូទៅអាវុធបែបនេះ ត្រូវបានរាជរដ្ឋាភិបាល ប្រកាសឲ្យលុបបំបាត់ចោល ហើយមិនឲ្យមានបុគ្គលណាគ្រប់គ្រងនោះទេព្រោះវាអាចសម្លាប់មនុស្សបាន ជាក់ស្តែងក្នុងករណីឃាតកម្មនេះ ជនសង្ស័យបានប្រើប្រាសអាវុធកែច្នៃនេះសម្លាប់មនុស្ស ក្នុងចំណោមបក្សពួកឃាតករនេះ គឺមានបងថ្លៃម្នាក់រួម ឃុបឃិតសម្លាប់ប្អូនថ្លៃដោយសារតែរឿងគំនុំ ដោយជនរងគ្រោះធ្លាប់ទះកំផ្លៀងប្រពន្ធបងថ្លៃពីមុនមក ។
ជនសង្ស័យទាំង៣ក្រោយពីបាញ់សម្លាប់ប្អូនថ្លៃរួច ក៏បានរត់គេច់ខ្លួន ខណៈនេះកំលាំងកងរាជអាវុធហត្ថ ស្រុកសណ្ដាន់បានដឹកនាំកំលាំងតាមចាប់ជនដៃដល់មកផ្តន្ទាទោស តែរហូតមកដល់វេលាម៉ោង ១២.២២នាទី សមត្ថកិច្ចពុំទាន់មានតំម្រុយណាមួយ ពីក្រុមឃាតករនោះទេ ។
មហាជនទូទៅបានសំណូមពរឲ្យ អភិបាលស្រុកសណ្តាន់ ដែលជាប្រធានគណៈបញ្ជាការឯកភាពស្រុក ចាត់វិធានការ តាមចាប់ក្រុមឃាតករឲ្យបាន ដើម្បីដាក់ទោសតាមច្បាប់ ពួកគាត់បានបន្តថា ចាប់តាំងពីមានការផ្លាស់ប្តូរថ្នាក់ដឹកនាំមក ស្រុកសណ្តាន់មានរឿងមិនចេះចប់ មិនចេះហើយ សង្ស័យលោក អភិបាលថ្មីឡើង កាន់តំណែងមិនបានសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដីទេដឹង បានជាស្វាគមន៍សុទ្ធតែរឿងញាក់សាច់។
ដោយ ប៊ុន រដ្ឋា




































