ភ្នំពេញៈ ក្រុមជនសង្ស័យប្រើប្រាស់ និងចែកចាយថ្នាំញៀនប្រុសស្រីចំនួន ១៨ នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយខណ្ឌទួលគោកបានចុះបង្ក្រាប និង ឃាត់ខ្លួនបានជនសង្សយ័ជាបន្តបន្ទាប់នៅកន្លែងពីផ្សេងគ្នា កាលពីវេលាម៉ោង ២ និង៣០ នាទីរសៀល ថ្ងៃទី២០ ឧសភា ២០១៤ ចំពេលដែលពួកគេកំពុងតែប្រមូលផ្តុំគ្នាជក់ និង ប្រើប្រាស់ចែកចាយគ្រឿងញៀន។
សមត្ថកិច្ចកងរាជអាវុធហត្ថបានឱ្យដឹងថា ក្នុងចំណោមក្រុមជនសង្ស័យទាំង១៨នាក់នោះ ១១នាក់ត្រូវបានឃាត់ខ្លួនជាក់ស្តែងកាលពីវេលាម៉ោង ០២ និង៣០នាទីរសៀល ថ្ងៃទី២០ ឧសភា ខណៈពេលដែលពួកគេកំពុងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀននៅចំណុចផ្ទះ លេខ៦A ផ្លូវ២៧២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដកហូតថ្នាំញៀន២កញ្ចប់ និងឧបករណ៍សម្រាប់ជក់មួយចំនួន។ចំណែកជនសង្ស័យ៧នាក់ទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនបានកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដកហូតថ្នាំញៀនម៉ាទឹកកក៣កញ្ចប់ ក្នុងនោះតូចមួយកញ្ចប់។
មន្ត្រីរូបនោះបានបញ្ជាក់ថា មុននិងឈានទៅដល់ការចាប់ខ្លួនជនសង្សយ័ទាំងអស់នេះដោយសារតែមានប្រជាពលរដ្ឋលោកបានរាយការណ៍ថានៅចំណុចខាងលើមានក្រុមយុវជនជាច្រើននាំគ្នាមកប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំញៀន។
បន្ទាប់មកកំលាំងយើងក៍បានចុះទៅបង្ក្រាបជាក់ស្តែង និង ឃាត់ខ្លួនបាន១១នាក់យកមកសាកសួរ ទើបដឹងថា ពួកគេទិញថ្នាំញៀនពីភូមិត្រពាំងឈូក ដូច្នេះសមត្ថកិច្ចក៏បានដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនមនុស្ស៧នាក់ថែមទៀតតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំង១៨នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថរាជធានីដើម្បីធ្វើការសាកសួរ ។