ប្រទេសថៃៈខេត្តឆុនបូរី.យ៉ាងហោចណាស់ក៏មានពលករខ្មែរចំនួន៦នាក់ដែរដែលក្នុងនោះមានប្រុសមានស្រី ព្រមទាំងមានក្មេងតូចថែមទៀត ក្នុងចំណោមពលករខុសច្បាប់ចំនួន១៤នាក់
ដែលបានជ្រៀតចូលទៅធ្វើការក្នុងប្រទេសថៃដោយគ្មានច្បាប់ តាមរយៈជនជាតិថៃ
ដែលជាអ្នកបើកបររថយន្ត ហើយបានបើកបររេចង្កូតធ្លាក់ចូលទៅក្នុងអូរ បន្ទាប់ពីអ្នក
បើកបរបានបើករត់គេចពីក្រុមតម្រួត ។
ហេតុការដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៦
ខែមេសា ឆ្នាំ២០១៦ ត្រង់ចំនុចអូរកោះណយ ក្បែផ្លូវបំបែកក្នុងទីប្រជុំជនមួយកន្លែង
ស្ថិតក្នុងឃុំខូតប៉ាយ ស្រុកផានថង ខេត្តឆុនបុរី ប្រទេសថៃ ។
បើតាមការអះអាងពីក្រុមតម្រួត ដែលឈរជើងនៅក្នុងស្រុកផានថង បានបញ្ជាក់ថា
នៅមុនពេលកើតហេតុ គឺមានរថយន្តប្រភេទតូយូតា វីហ្គូ មួយគ្រឿងបានបើកបរឆ្លង
កាត់ទីតាំងឈរជើងរបស់ក្រុមតម្រួត ដោយនៅពេលនោះដែរកំលាំងបានឃាត់រថយន្ត អោយឈប់ដើម្បីធ្វើការត្រួតពិនិត្យទៅលើអ្នកដំណើរ ព្រោះមួយរយៈនេះមានពលករ
ឆ្លងដែនខុសច្បាប់ជាច្រើនបានជ្រៀតចូលទៅរកការងារធ្វើនៅក្នុងទីក្រុងបាងកក និង
ខេត្តឆុនបុរី ទើបមានការរឹតបន្តឹងបែបនេះ ។
សមត្ថកិច្ចបានបន្តថា ភ្លាមៗនោះដែរ ដោយគ្រាន់តែឮថាសុំត្រួតពិនិត្យទៅលើអ្នកដំណើរ
ភ្លាម ស្រាប់តែអ្នកបើកបរដែលជាជនជាតិថៃ បានបន្ថែមល្បឿនយ៉ាងលឿន ទើបធ្វើអោយ
បាត់បង់ម្ចាស់ការ ហើយបានរេបង្កូតធ្លាក់ចូលទៅក្នុងអូរតែម្តង ដែលបានសម្លាប់មនុស្ស
ចំនួន៦នាក់ និងបង្កអោយមានមនុស្សរងរបួសចំនួន៨នាក់ ខណៈដែលក្រុមតម្រួត
បានចុះមកត្រួតពិនិត្យទៅលើសពពលករទាំងនេះ ។
តាមការសារភាពពីអ្នកបើកបរឈ្មោះ ប៊ុនយ៉ារិទ្ធិ ពេជ្របុណ្យ បាននិយាយថា ខ្លួនពិតជា
បាននាំពលករខ្មែរចំនួន១៤នាក់ពីខេត្តស្រះកែវឆ្ពោះទៅកាន់ទីក្រុងបាងកកមែន ប៉ុន្តែ
លុះមកដល់ស្រុកផានថង ក្នុងខេត្តឆុនបុរី ក៏ត្រូវកំលាំងតម្រួតឃាត់រថយន្តដើម្បីត្រួតពិនិត្យ
ទៅលើអ្នកដំណើរ ។ដោយមានការភ័យខ្លាចទើបខ្លួនបានបន្ថែមល្បឿនដើម្បីគេចអោយផុត
ពីក្រុមតម្រួត តែបែរជាត្រូវរេចង្កូតធ្លាក់ទៅក្នុងអូរតែម្តង ។
នៅពេលនោះដែរគេសង្គេតឃើញថា ពលករទាំង៦នាក់ដែលជិះនៅក្នុងកាប៊ីនរថយន្ត
ក្នុងនោះមានប្រុស ស្រី និងក្មេងតូចត្រូវស្លាប់ទាំងអស់ ចំណែកអ្នកជិះនៅខាងក្រោយចំនួន៨នាក់គឺរងរបួសធ្ងន់ ស្រាលទាំងអស់ ដោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បី
សង្គ្រោះសិន រីឯសព គេមិនទាន់ដឹងថាជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តណានោះទេ
ហើយក៏មិនទាន់ដឹងអំពីអត្តសញ្ញាណផងដែរ ៕




































