ភ្នំពេញ៖សមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងព្រលឹត បានសហការគ្នាជាមួយកម្លាំងប្រដាប់អាវុធហត្ថខណ្ឌធ្វើការឃាត់ខ្លួនទាំងជនដៃដល់និងជនរងគ្រោះ ដែលបង្កហឹង្សាបណ្ដាលឲ្យមានរបួសស្នាម យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលឹតដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី។ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
សមត្ថកិច្ចមូលដ្ឋានដែលបានចុះនិងឃាត់ខ្លួនក្រុមបង្កហឹង្សាទាំងនោះបានប្រាប់ឲ្យដឹងថា ដំបូងឡើយគឺ ភាគីទាំងសងខាងដែលជាជនជាតិវៀតណាមដូចគ្នានោះ បានមកអង្គុយផឹកស៊ីក្បែរតុជាមួយគ្នា ដោយភាគីខាងជនបង្កមានគ្នាប្រហែល៥ទៅ៦នាក់ ចំណែកឯភាគីខាងជនរងគ្រោះមានគ្នា៤នាក់ ។ក្រោយពីពួកគេបានផឹកស្រវឹងបន្តិចបន្ទួចហើយ ខាងក្រុមបង្កម្នាក់ក្នុងចំណោមព័ក្ខពួក៥ទៅ៦នាក់នោះបានយកដបស្រាមកវាយជនរងគ្រោះម្នាក់ ដែលអង្គុយមានគ្នា៤នាក់បណ្ដាលឲ្យបែកក្បាលហូរឈាមពេញមុខ ធ្វើឲ្យក្រុមភាគីខាងជនរងគ្រោះស្ទុះមកប្រតាយប្រតប់គ្នាទៅវិញទៅមក រហូតដល់សមត្ថកិច្ចនិងកម្លាំងអាវុធហត្ថខណ្ឌចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ តែដោយឡែកភាគីខាងជនបង្កដែលមានគ្នា៥ទៅ៦នាក់នោះ ពេលឃើញក្រុមអន្តរាគមន៍ចុះមក ក៏បានរត់គេចខ្លួនបាត់ បន្សល់ទុកតែជនបង្កម្នាក់ដែលយកដបស្រាមកវាយជនរងគ្រោះដំបូងគេ ដែលត្រូវបានភាគីខាងជនរងគ្រោះឃាត់ជាប់។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាននិងកម្លាំងអាវុធហត្ថខណ្ឌ បាននាំយកភាគីទាំងសងខាង ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលឹត ដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ដោយ៖ជីម ភារ៉ា




































