VIDEO ឃាត់រថយន្តប្រភេទយីឌុបដឹកឈើមួយគ្រឿងមួយចំអិនកំពិសក៏ដោះលែងទៅវិញ

0

មណ្ឌលគិរីៈ  សេចក្តីរាយការណ៏នៅព្រឹកថ្ងៃទី២ ឧសភា ២០១៦ បានឲ្យដឹងថា មានករណីមេព្រៃខេត្តមណ្ឌលគិរី ឃាត់រថយន្តប្រភេទយីឌុបដឹកឈើមួយគ្រឿង តាមបណ្តោយផ្លូវជាតិលេខ៧៦នៅចំនុចជិតអូរទេ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ បានមួយចំអិនកំពិសក៏ដោះលែងទៅវិញ។ហើយត្រូវបានគេសង្ស័យថា អាចមានភាពមិនប្រក្រតី ព្រោះឈើដែលគេដឹកនោះ ជាប្រភេទឈើលេខ១ លុះត្រាតែមានលិខិតអនុញ្ញាតឬមានក្រុមហ៊ុនសម្បទានទើបអាច ដឹកជញ្ជូនបានចុះហេតុអ្វីបានជា មន្ត្រីរដ្ឋបាលព្រៃឈើ ហ៊ានឲ្យរថយន្តដឹកឈើនោះបន្តដំណើរទៅមុខបាន ត្បិតសព្វថ្ងៃរាល់ក្រុមហ៊ុនសម្បទានទាំងអស់ត្រូវបានរដ្ឋាភិបាល ផ្អាកសកម្មភាពធ្វើជំនួញឈើគ្រប់ប្រភេទហើយនោះ។
ប្រភពបានបន្តថា រថយន្តយីឌុបខាងលើដែលមន្ត្រីជំនាញឃាត់បានតែមួយមួយដង្ហើមចង្រឹតនោះគឺដឹកឈើប្រភេទជន្លង់ម្រេចពេញទ្រុង អាចមានចំនួនប្រមាណ៣០ម៉ែត្រគូប ។ហើយត្រូវបានស្ទាក់ឃាត់ដោយលោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីម្នាក់ ក្រោយការចាប់ឃាត់បានបន្តិច រថយន្តដឹកឈើខាងលើ មិនត្រូវបានមន្ត្រីបញ្ជាក់ថា មានច្បាប់ឬអត់ច្បាប់ទេ ក៏ដោះលែងទៅវិញ។បើតាមការបញ្ជាក់ឲ្យដឹង ពីប្រភពរថយន្តដឹកឈើនោះគឺគេដឹកយកទៅខេត្តក្រចេះ ដែលមានច្រករបៀងមួយ នៅតំបន់កាបីក្នុងឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ សម្រាប់នាំឈើប្រភេទជន្លង់ម្រេចចេញទៅប្រទេសវៀតណាម។
ជំនួញឈើប្រភេទជន្លង់ម្រេចនៅខេត្តមណ្ឌលគិរី កំពុងកក្រើកដូចទឹកបាក់ទំនប់ ព្រោះឈើប្រភេទលេខ១ត្រូវបានឈ្មួញចូលកាប់យ៉ាងអនាធិបតេយ្យពេញព្រៃការពា នឹងព្រៃអភិរក្ស ដែលក្នុងមួយថ្ងៃៗមានរថយន្តកែច្នៃប្រភេទបង្កុង ដឹកឈើទាំងនោះចេញពី ព្រៃមិនតិចជាង២០ទៅ៣០គ្រឿងទេ ទូទាំងខេត្តមណ្ឌលគិរី។នេះគឺជាសញ្ញាដ៏គ្រោះថ្នាក់បំផុតចំពោះព្រៃឈើស្រុកខ្មែរ ដែលរងនូវហានិភ័យខ្ពស់បំផុត ខណៈគ្រោះធម្មជាតិក៏កំពុងកើតមានជារៀងរាល់ថ្ងៃផងដែរ។
ទាក់ទិននឹងករណីខាងលើលោក វង់ សុកសេរី នាយខណ្ឌរដ្ឋព្រៃឈើមណ្ឌលគិរី អ្នកព័ត៌មានមិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទរបស់លោក ទំនាក់ទំនងចូលជាច្រើនដង តែមិនមានអ្នកឆ្លើយតប៕ ម៉ារ៉េត