កំពង់ធំៈ ប្រជាពលរដ្ឋ១២០គ្រួសារ ទើបតែផ្លាស់ទីមកសាងសង់ជម្រកថ្មី ជួបប្រទះនិងការខ្វះខាត ត្រូវបាន ទទួលអំណោយពី ឯកឧត្តម អ៊ុត សំអន អភិបាលកំពង់ធំ ព្រមទាំងក្រុមការងារ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៦ ស្ថិតនៅភូមិ ពាមអាទិត្យ ឃុំសាគ្រាម ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។
លោក មេឃុំពាមអាទិត្យ បានបញ្ជាក់ថា កាលដើមឡើយ ភូមិពាមអាទិត្យនេះ ស្ថិតនៅប៉ែកខាងកើតនាភូមិ បច្ចុប្បន្ន ដោយសារទីតាំងភូមិ មិនអំណោយផល ក្នុងការប្រកបមុខរបរ និងការស់នៅ ថែមទាំងរងគ្រោះដោយសារទឹកជំនន់ ជនលិចជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋត្រូវទទួលរងគ្រោះ ខូចខាតនូវសម្ភារៈ និងគោក្របី រួមទាំងដំណាំបន្លែបង្កាផ្សេងៗ ទើបក្រោមការយកចិត្តទុកដាក់ របស់ឯកឧត្តម អភិបាលខេត្តកំពង់ធំ រួមទាំង ក្រុមការងារសម្រេចឲ្យប្រជាពលរដ្ឋទាំងអស់ ធ្វើការផ្លាស់ប្តូរទីលំនៅ មករស់នៅលើដីទួលមានសុវត្តិភាព នៅខាងលើនេះ។
ឯកឧត្តម អ៊ុត សំអន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត រួមទាំងប្រធាន អនុប្រធានមន្ទីរ ចូលរួមក្នុងពិធីចែកធុងទឹក ដល់ប្រជាពលរដ្ឋចំនួន១២០គ្រួសារ ក្នុងមួយគ្រួសារ បានទទួលធុងទឹកមួយ និងទឹកសុទ្ធ៥យួរ ក្នុងនោះដែរឯកឧត្តម បានសំណេះសំណាល ផ្តាំផ្ញើរដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ដែលមករស់នៅលើដីថ្មីនេះ ខិតខំបង្ករបង្កើនផលដំណាំស្រូវ និងដំណាំផ្សេងៗ នាពេលរដូវវស្សាមកដល់ រួមទាំងថែរក្សាសុខភាព ទាំងការរស់នៅ ទាំងការហូបចុក ឲ្យមានអនាម័យល្អ ចៀសវាងការឆ្លងជំងឺផ្សេងៗ ក្នុងរដូវក្តៅនេះ មិនតែប៉ុណ្ណោះឯកឧត្តមបានបញ្ជាក់ថា សុំឲ្យរស់នៅដោយសុខសន្តិភាព សាមគ្គីគ្នា នាំគ្នាគោរពច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា កុំប្រព្រឹត្តបទល្មើសខុសច្បាប់ ត្រូវចេះអប់រំកូន ចៅឲ្យឃ្លាតឆ្ងាយពីគ្រឿងញៀន និងជម្រុញឲ្យក្មេងបានចូលសាលារៀនគ្រប់គ្នា និងត្រូវជឿជាក់លើគោល ជំហរដ៏រ៉ឹងមាំ របស់ប្រមុខរាជរដ្ឋាភិបាល ដោយមិនទុកឲ្យប្រជាពលរដ្ឋណា ដាច់ពោះស្លាប់ដោយគ្មានការ អើពើពីសំណាក់អាជ្ញាធរជាដាច់ខាត ។
ដោយ ប៊ុន រដ្ឋា




































