នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដកហូត​ថ្នាំញៀន​៦​កញ្ចប់ ម៉ូតូ​១​គ្រឿង​និង​ទូរស័ព្ទ​២​គ្រឿង​

0

(ភ្នំពេញ)៖ជនជួញដូរនិងចែកចាយនូវសារធាតុញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារសហការនិងកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀបបង្ក្រាបនិងឃាត់ខ្លួនភ្លាមៗបន្ទាប់ពីមានការសង្ស័យបានឆែកឆេររកឃើញថ្នាំញៀនជាប្រភេទម៉ាទឹកកកចំនួន៦កញ្ចប់

ដែលជនត្រូវជាប់សង្ស័យបានរក្សាលាក់ទុកក្នុងកញ្ចប់បារីសម្រាប់ធ្វើសកម្មភាពជួញដូរ រួមទាំងដកហូតម៉ូតូ១គ្រឿងព្រមទាំងទូរស័ព្ទចំនួន២គ្រឿងកាលពីវេលាម៉ោង៨៖៣០នាទី ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៦ ត្រង់ចំណុចស្ពានលេខ១ តាមបណ្ដោយផ្លូវជាតិលេខ៦A ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។មន្ត្រីនគរបាលខណ្ឌជ្រោយចង្វារបានបញ្ជាក់ថា ជនត្រូវឃាត់ខ្លួនពាក់ព័ន្ធបទល្មើសជួញដូរថ្នាំញៀនមានឈ្មោះគីម ហៀង ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិឡឥដ្ឋ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលខណ្ឌជ្រោយចង្វារបានបញ្ជាក់ទៀតថា ក្នុងការបង្ក្រាបនិងឃាត់ខ្លួនជនត្រូវសង្ស័យខាងលើនេះខណៈដែលជននោះទើបតែមកពីទិញថ្នាំញៀននៅសង្កាត់បឹងកក់ ខណ្ឌទួលគោក ដោយជិះបើកម៉ូតូត្រឡប់មកវិញតាម បណ្ដោយផ្លូវជាតិលេខ៦Aក្បែរស្ពានលេខ១ក៍ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ព្រែកលៀបមានការសង្ស័យក៍ឃាត់និងឆែកឆេរបានរកឃើញថ្នាំញៀនចំនួន៦កញ្ចប់តូចដែលជនត្រូវជាប់សង្ស័យបានលាក់ទុកក្នុងកញ្ចប់បារីសម្រាប់ធ្វើសកម្មភាពជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ។ដោយឡែកមធ្យោបាយធ្វើដំណើររបស់ជនសង្ស័យមានម៉ូតូ១គ្រឿងព្រមទាំងទូរស័ព្ទដៃចំនួន២គ្រឿងត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារធ្វើការដកហូតផងដែរ ។មន្ត្រីនគរបាលបន្តថា បច្ចុប្បន្នជនត្រូវសង្ស័យរួមនិងវត្តុតាង ត្រូវបញ្ជូនទៅឃុំខ្លួនសាកសួរបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីរៀបចំបន្តនិតិវិធីទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ហាស់ កំសាន្ដ

photo_2016-05-09_11-07-20 - Copy photo_2016-05-09_11-07-18 photo_2016-05-09_11-07-16 photo_2016-05-09_11-07-13 photo_2016-05-09_11-07-11