ខេត្តកណ្តាល: បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរត្រង់ក្បាល និងដាច់ប្រអប់ដៃខាងឆ្វេងហូរឈាមជោគខ្លួនដោយត្រូវបុរសម្នាក់ប្រើកាំបិតបុ័ងតោលួចកាប់ពីក្រោយខណះកំពុងអង្គុយលក់តែគុជកាលពីថ្ងៃទី០៩ខែឧសភាឆ្នាំ២០១៦ម៉ោង០៧និង០៥នាទីព្រឹក នៅចំណុច:មុខ
សាលាបឋមសិក្សាក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកវរសេនីយ៍សុឹម ប៊ុតបណ្ឌិតអធិកានគរបាលក្រុងតាខ្មៅ បានអោយដឹងថាជនរងគ្រោះឈ្មោះ ឡៅ ចាន់ក្តឹប ភេទប្រុស អាយុ៣៩ឆ្នាំទីលំនៅ:ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរ:លក់តែគុជ។ រីឯជនល្មើសឈ្មោះដួង ចាន់រស្មី ភេទប្រុស អាយុ២៤ឆ្នាំទីលំនៅ:ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន)។
លោកអធិការបញ្ជាក់ថាវត្ថុតាងដកហូតមានកាំបិតបុ័ងតោដងឈើចំនួន០១ប្រអប់ក្រដាសសំរាប់ដាក់កាំបិត០១។លោកអធិការបាននិយាយពីរឿងហេតុអោយដឹងថា នៅវេលាកើតហេតុខាងលើពេលដែលជនរងគ្រោះកំពុងតែអង្គុយលក់តែគុជនៅកន្លែងកើតហេតុខាងលើពេលនោះស្រាប់តែជនល្មើសបានដើរម្នាក់ឯងកាន់កាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះចំនួនពីរកាំបិតបណ្តាលអោយត្រូវក្បាលផ្នែកចំហៀងខាងឆ្វេងនិងដាច់ប្រអប់ដៃខាងឆ្វេងហើយបានរត់គេចខ្លួនបាត់តែម្តង ។
លោកបន្តថាក្រោយពីទទួលបានពត៌មានសមត្ថកិច្ចយើងជួយសង្គោះជនរងគ្រោះ និងដោយបានចម្លើយ ច្បាស់លាស់ពីជនរងគ្រោះកំលាំងជំនាញនគរបាលក្រុងសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកឬស្សីនិងប៉ុស្តិ៍រដ្ឋបាលសង្កាត់ដើមមៀនបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនល្មើសបាននៅវេលាម៉ោង០៩,៤០នាទីហើយបាននាំទៅយកវត្ថុតាង(កាំបិត)ដែលលាក់ទុកក្នុងគុម្ពចេកនៅបរិវេណមន្ទីរពេទ្យជយ័ជំនះ រួច បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែនព្រោះខឹងនិងជនរងគ្រោះបានវាយម្តាយរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន។ លោកអធិការបន្តថាចំលើយសារភាពរបស់ជនសង្ស័យថាជនរងគ្រោះបានវាយម្តាយរបស់គេនោះសមត្តកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ។
សូមបញ្ជាក់ថាកាំបិតដែលជនល្មើសយកទៅកាប់ជនរងគ្រោះគឺជនល្មើសបានទិញពីផ្សារតាខ្មៅចាស់ក្នុងតំលៃ១៨០០០រៀលមុនពេលកើតហេតុ៣០នាទី ហើយជនល្មើសធ្លាប់ប្រើប្រាស់ថ្នាំញៀញ។ជនល្មើសនិងវត្ថុតាងសមត្តកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕




































