ភ្នំពេញ ៖ យកទូស័ព្ឌមកដូរវិញធ្វើឲ្យ ម្ចាស់ហាងលក់ទូរស័ព្ទ មួយកន្លែង ដែលមានទីតាំងស្ថិតនៅ តាមផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលអ្នកភូមិ ស្គាល់ថា ជាមន្ត្រីយោធា នៅកងពលតូចអន្តរាគមន៍ យ័ត្រយោង៩១១ បានដកកាំភ្លើងខ្លី បាញ់សំដៅ គម្រាមទៅលើ អតិថិជន ចូលទៅរកទិញ ដូរ ទូរស័ព្ទដៃ ដោយលេសចោទថា គេទៅអុកឡុកទៅវិញ សំណាងល្អគ្រាប់កាំភ្លើង មិនត្រូវចំមនុស្ស បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង២៥នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ។
ជនរងគ្រោះដែល ម្ចាស់ហាង បាញ់គម្រាម មានគ្នា៣នាក់ -ទី១ ឈ្មោះ សុខ ចៀន ភេទប្រុស អាយុ២០ឆ្នាំ មុខកម្មកររោងចក្រ កាណាឌីយា ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខាងខេត្តព្រៃវែង ។
-ទី២ ឈ្មោះ ភីរៈ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ជាមួយគ្នា មានស្រុកកំណើត នៅខាងខេត្តកំពង់ចាម ។ -ទី៣ ឈ្មោះ ដែន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
តាមសម្តី ជនរងគ្រោះ សុខ ចៀន ជាអតិថិជន ទិញទូរស័ព្ទ នៅហាង លីហ្សា ខាងលើ បានឲ្យដឹងថា មុនកើតហេតុ ខ្លួនបាន មកទិញទូរស័ព្ទ ណូគៀ អិនចុចពិល មួយគ្រឿង តម្លៃ២០ដុល្លា កាលពីថ្ងៃទី២២ ខែឧសភា យកទៅប្រើ តែដោយសារ ទូរស័ព្ទ ទិញយកទៅនោះអត់កាន់ ថ្ម ខ្លួន រួមជាមួយ មិត្តភ័ក្រ គ្នា៣នាក់ បានយកទូរស័ព្ទ នោះ មកដូរ ថែមលុយ យកទូរស័ព្ទមួយគ្រឿង ផ្សេងទៀត តែនៅពេល មកបំណងធ្វើការដោះដូរ និយាយ មិនត្រូវគ្នា ដោយម្ចាស់ហាងខាងលើ មិនទទួលខុសត្រូវ របស់ខ្លួនឯងដែលលក់ទៅឲ្យភ្ញៀវ ទើបតឹងមាត់តឹងកដាក់គ្នា ឈានទៅដល់ ម្ចាស់ហាងលក់ទូរស័ព្ទ ដែលអាងខ្លួនជាមន្ត្រីយោធា អ្នកភូមិ ខ្សឹបប្រាប់ថា នៅអង្គភាពយ័ត្រយោង៩១១ បែជាដកកាំភ្លើងខ្លី បាញ់សំដៅ ទៅលើ អតិថិជនមួយគ្រាប់ តែសំណាងល្អ គ្រាប់កាំភ្លើង មិនត្រូវចំមនុស្ស បង្កឲ្យ ផ្អើលអ្នកភូមិ ស្មានតែ មានក្រុមចោរប្លន់ បាញ់ប្រហារ ម្នាក់ៗព្រលឹងចុងសក់ រត់ចែកជើងគ្នាព្រាត ។
ក្រោយកើតហេតុ មន្ត្រីយោធាចិត្តភ្លើង បានរត់គេចខ្លួនបាត់ ។ ករណីខាងលើកើតឡើងភ្លាមៗ កម្លាំងប៉ុស្តិ៍ចោមចៅនិងកម្លាំងកងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យចុះទៅដល់កន្លែងកើតហេតុ តែជនបង្កគេខ្លួនបាត់ សល់តែប្រពន្ធ នៅចាំហាង រួចជនរងគ្រោះទាំង៣នាក់ ត្រូវបាន អាវុធហត្ថ ហៅទៅ សាកសួរ និងដាក់ពាក្យបណ្តឹង នៅអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បី ស្រាវជ្រាវ តាមចាប់ ជនល្មើស ។
ក្នុងករណីបាញ់បោះសេរីបែបនេះពលរដ្ឋរងចាំមើលចំណាត់ការរបស់សមត្ថកិច្ចតើអាចនាំខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់បានដែរឫយ៉ាងណា ព្រោះស្គាល់អត្តសញ្ញាណជនល្មើសនិងអង្គភាពច្បាស់លាស់ហើយ៕




































