សៀមរាប នៅក្នុងបរិវេណសាលាអនុវិទ្យាល័យក្រឡាញ់ស្រុកក្រឡាញ់ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៤សិស្សនុសិស្សកុមារាកុមារី យុវជន យុវនារី ព្រមទាំងប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីជាច្រើននាក់បានមកទទួលសេវាពិនិត្យព្យាបាលមាត់ធ្មេញដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោក្រោមកិច្ចចូលរួមសហការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនអិលជី សាខាខេត្តសៀមរាប។
មន្ត្រីក្រុមការងារមួយរូបបានឲ្យដឹងថា៖សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានចាប់ផ្តើមបំពេញការងារមនុស្សធម៌ លើការផ្តល់សេវាពិនិត្យព្យាបាលជម្ងឺ ដោយឥតគិតថ្លៃ និងមិនរើសអើងនិន្នាការនយោបាយនោះឡើយ ។ សមាគមនេះ ត្រូវបានបង្កើតឡើង ក្នុងនាអំឡុងខែកុម្ភៈឆ្នាំ២០១៣ក្រោមគំនិតផ្តួចផ្តើមនិងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពី
សំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិង ស្ថិតក្រោមកិច្ចគាំពារទ្រទ្រង់កិច្ចប្រតិបត្តិការ ដោយឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ហើយអ្វីដែលគួកត់សំគាល់នោះ ចាប់ពីដើមឆ្នាំ២០១៤នេះ សកម្មភាពរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ត្រូវបានការចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុន អិល ជី ផងដែរ ។
មន្ត្រីក្រុមការងាររូបនោះបានបញ្ចាក់ថា នៅក្នុងប្រតិបត្តិការសប្យុរសធម៌នេះ ក្រុមគ្រូពេទ្យត្រូវបានធ្វើសកម្មភាពលើគ្រប់ផ្នែកគ្រប់ជំនាញឯកទេស ដែលទាក់ទងទៅនឹងការផ្តល់សេវាសុខភាពឆ្ពោះទៅរកគោលដៅទូទាំងប្រទេស ដែលជាពិសេសគឺនៅតាមបណ្តាស្រុក និងទីជនបទ អនុលោមតាមស្ថានភាពតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋានទាំងនោះ ។ រហូតមកដល់បច្ចុប្បន្ននេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោមានសមាជិកចូលរួម មិនតិចជាង ១០០០នាក់នោះឡើយ ដែលក្នុងនោះរួមមានវេជ្ជបណ្ឌិត គ្រូពេទ្យជំនាញ និង និស្សិតបញ្ចប់ឆ្នាំសិក្សានៅសកលវិទ្យាល័យវេជ្ជសាស្ត្រ ជាដើម។
នាឱកាសពិនិត្យព្យាបាលជម្ងឺមាត់ធ្មេញជូនប្រជាពលរដ្ឋនិងសិស្សានុសិស្សនៅស្រុកក្រឡាញ់នោះ ក៍បានការអញ្ជើញចូលរួមពិនិត្យមើលសកម្មភាពរបស់ក្រុមគ្រូពេទ្យ និងចុះសួរសុខទុក្ខពីសំណាក់ ឯកកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ក្នុងនាមជាសប្បុរសជនទ្រទ្រង់សកម្មភាពមនុស្សធម៌នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និងមានវត្តមានផងដែរ ឯកឧត្តមឧកញ៉ាសៀងណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប។ ជាមួយសកម្មភាពពិនិត្យព្យាបាលជម្ងឺមាត់ធ្មេញជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនោះដែរ ក្រុមហ៊ុន អិល ជី បានរៀបចំឲ្យមានកម្មវិធីកំសាន្តសប្បាយៗកំដរបរិយាកាសផងដែរ ។
ឯកឧត្តម ហ៊ុន ម៉ាណែតបានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស ដែលមានវត្តមាននៅទីនោះផងដែរ ។ ជាចំណែកមួយនៃកម្មវិធីសប្បាយៗនោះ អិល ជី បានរៀបចំឲ្យមានកម្មវិធីប្រឡងផាត់ពណ៌គំនូរ សម្រាប់ក្មួយៗកុមារ ដើម្បីទទួលរង្វាន់លើកទឹកចិត្ត ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានវាយតម្លៃថា នេះគឺជាកម្មវិធីមួយ ងាយៗនឹងរៀបចំ តែវាជាវិធីសាស្ត្រដ៏ល្អ សំដៅឲ្យក្មួយៗទទួលបាននូវ លទ្ធផលបណ្តុះបញ្ញា នៃជំនាញរចនា និង ការតុបតែង ដែលនេះគឺជាចំណុចចាប់ផ្តើមមួយ សម្រាប់ឲ្យកុមារ សិក្សាអំពីការបង្កើតសោភ័ណភាព និង ចេះស្គាល់ថា អ្វីទៅដែលហៅថា ស្រស់បំព្រង និង ចេះស្រឡាញ់ ថែរក្សាបរិស្ថាន ជុំវិញខ្លួន ផងដែរ ៕