បាត់ដំបងៈ ស្រុកបវេល☞ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែមាន សពមនុស្សម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតនៅក្នុងទឹកប្រលាយ ដោយមិនទាន់ដឹងអំពីមូលហេតុនៃការស្លាប់នោះឡើយ ហើយចំពោះសព ក៏មិនទាន់មានអ្នកណាម្នាក់បានស្គាល់ អំពីអត្តសញ្ញាណនៅឡើយដែរ ។
លោក ម៉ៅ សារីទ្ធ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល បវេល បានបញ្ជាក់ថា ការប្រទះឃើញសព គឺនៅវេលាម៉ោង ៩ និង៣០នាទី ព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងប្រលាយទឹក ស្ថិតក្នុងភូមិសាំងរុាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងដោយសពនេះទើបតែចាប់ផ្តើមអណ្តែតត្រឹមតែក្បាលប៉ុណ្ណោះ ដែលធ្វើអោយមានការ
ភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ។ លោកបានបន្តថា ក្រោយពេលសមត្ថកិច្ចជំនាញបានស្រង់ឡើងមកលើគោក ទើបដឹងថា សពគែជាមនុស្សប្រុសវ័យប្រហែល៤០ ឆ្នាំ ដោយគ្មានអ្នកណាម្នាក់បានស្គាល់ អំពីសាវតានោះឡើយ ប៉ុន្តែបើតាមសំដីចាស់ៗដែលនៅក្នុងវត្តសាំងរុាំងបាននិយាយថាប្រហែលជា ៣ថ្ងៃកន្លងមកនេះ គឺគេតែងតែឃើញជនរងគ្រោះរូបនេះបានទៅអង្គុយ
ផឹកស្រានៅខាងមុខវត្តតែម្នាក់ឯង ដោយមិនមានការនិយាយស្តីរកអ្នកណាទាំងអស់ដែលម្នាក់ៗបានសន្និដ្ឋានថា ជនរងគ្រោះអាចជាមនុស្សអនាថា ឬក៏ជាមនុស្សវិកលចរិក
ក៏អាចថាបាន ព្រោះមានពេលខ្លះ ក៏គេមានវត្តមាននៅតាមកន្លែងរោងបុណ្យោងដែរដោយប្រជាពលរដ្ឋបានហុចលុយអោយ៥០០ ឬ១ពាន់រៀល គេក៏យកទៅទិញស្រាផឹក
តែម្តង ដោយគ្មានខ្វល់អ្វីទាំងអស់ ។
ក្រោយពេលពិនិត្យទៅលើខ្លួនប្រាណសព គឺសមត្ថកិច្ចបានបញ្ជាក់ថា មិនមានស្លាកស្នាម ណាដែលគួរអោយសង្ស័យថាធាចពាក់ព័ន្ធនឹងករណីឃាតកម្មនោះឡើយ ដែលគេបានសន្និដ្ឋានថា ជនរងគ្រោះអាចផឹកស្រាស្រវឹង ហើយចុះទៅងូតទឹកប្រលាយដែលមានជម្រៅ ប្រហែលមួយម៉ែត្រកន្លះ ទើបបណ្តាលអោយលង់ទឹកស្លាប់បែបនេះ បច្ចុប្បន្នសមត្ថកិច្ច
កំពុងសុំគោលការណ៍ដើម្បីប្រគល់សពទៅអោយអាជ្ញាធរ ឬក៏ប្រគល់ទៅអោយអាចារ្យ វត្តសាំងរុាំងដើម្បីបូជាតែម្តង ព្រោះដោយសារតែសពគ្មានសាច់ញាតិ ៕




































