កំពង់ធំៈ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ អមដំណើរដោយអភិបាលរង និងគ្រប់មន្ទីរអង្គភាព មន្ត្រីរាជការ អាជ្ញាធរស្រុកក្រុង ចូលរួមចុះសួរសុខទុក្ខ ដល់កងកម្លាំង កងយោធពលខេមរៈភូមិន្ទ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានទៅបំពេញភារៈកិច្ចនៅតាមបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅប្រាសាទព្រះវិហារ នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៦ ។
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានយកចិត្តទុកដាក់ខ្ពស់ និងមានការព្រួយបារម្ភណ៍ ចំពោះការ ខ្វះខាត និងការស់នៅខណៈពេលដែលកំពុងភារៈកិច្ច របស់កងកម្លាំងដើម្បីការពារទឹកដីសុវណ្ណភូមិ ទើបឯកឧត្តម បានផ្តួចផ្តើមប្រមូលមន្ត្រីអង្គភាពក្នុងខេត្តដើម្បីមកចុះសួរសុខទុក្ខ និងបាននាំយកអំណោយ មានម៉ាស៊ីនភ្លើង មី ទឹកស៊ីអ៊ីវ ទឹកត្រី ព្រមទាំងសម្ភារៈប្រើប្រាស់ជាច្រើនសន្ធឹកសន្ទាប់ ជូនដល់ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការីដែលប្រចាំការនៅព្រំដែន ដើម្បីជាការលើកទឹកចិត្ត និងផ្តល់នូវកម្លាំងចិត្តដល់កងកម្លាំង ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយទទួលនូវបទបញ្ជារបស់ឯកឧត្តម មេបញ្ជាការយោភូមិភាគទី៤ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានភារៈកិច្ចចាត់បញ្ជូនកម្លាំង ចំនួន១វរៈសេនាតូចដើម្បីមកបញ្ឈរជើង នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ជំនួសឲ្យកងពលតូចលេខ៨ ដែលកម្លាំងបានដកទៅហ្វឹកហ្វឺននឹងពង្រឹកនៅខាងក្រោយ យើងខ្ញុំទាំងអស់ពិតជាមានមោទនភាពដែលបានមកឈរ ជើង និងបានការពារពង្រឹហងអធិបតេយ្យភាពកម្ពុជា ដែលរាជរដ្ឋាភិបាលប្រគល់ជូន ហើយបានប្តេជ្ញាចិត្តថា ការពារបន្ទាត់ព្រំដែនរបស់យើង មិនឲ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រណាឡើយ ទោះបីជាមានការលំបាក់ ខ្លះក្នុងពេលឈរជើង ដូចជាបញ្ហាទឹក បញ្ហាធាតុអាកាស ប៉ុន្តែកម្លាំងរបស់យើងទាំងអស់មានការអត់ធ្មត់ ហើយទទួលខុសត្រូវខ្ពស់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ចំពោះទិសដៅទៅខាងមុខកម្លាំងទាំងអស់ និងមានការផ្លាស់ប្តូរក្នុងមួយវគ្គ៣ខែ ដូច្នេះយើងត្រូវត្រៀមកម្លាំងទុកជាស្រេច ហើយក៏សូមអគុណដល់ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ដែលបានអញ្ជើញដឹកនាំ ប្រតិភូ គ្រប់មន្ទីរស្ថាប័នជុំវិញខេត្តកំពង់ធំ មកសួរសុខទុក្ខដល់កងកម្លាំងធ្វើឲ្យមានក្តីរំភើបពេកក្រៃ ។
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា ថ្ងៃនេះបានដឹកនាំប្រតិភូចុះសួរសុខទុក្ខ គឺជាការលើកទឹកចិត្តឲ្យកងកម្លាំងមានការយកចិត្តទុកដាក់ ការពារ និងមានភាពទទួលខុសត្រូវខ្ពស់ និងជាភារៈកិច្ចដ៏ឧត្តុង្គ ឧត្តម ដែលរាជរដ្ឋាភិបាលប្រគល់ជូន ដើម្បីការពារជាតិមាតុភូមិ ទើបគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមានការយកចិត្តទុកដាក់ ជួយបីបាច់ថែរក្សាកម្លាំងឈរជើង ដោយមានទាំងពិធីជូនដំណើរទ័ព និងការចុះសួរសុខទុក្ខ ដែលជា ចលនាសម្បុរសជន ដែលមានផ្តល់នូវសម្ភារៈមួយចំនួន ដូចជាមធ្យោបាយ ដែលខ្វះខាតដូចជាម៉ាស៊ីភ្លើង ស័ង្ខសី មុង ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ដូចជាគ្រឿងឧបភោគ បរិភោគផ្តល់ជូននៅថ្ងៃនេះ គឺជាការរួមចំណែក ដោះស្រាយការលំបាករបស់អង្គភាព ក៏ដូចជាទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ដែលកម្លាំងឈរជើងត្រូវតែមានការយកចិត្តទុកដាក់ពី សមរភូមិក្រោយ ហើយពិតជាសប្បាយរីករាយនូវសកម្មភាពនេះ ហើយសង្ឃឹមថាកងកម្លាំងនិងទទួលបានភាពកក់ក្តៅ សកម្មភាពនេះគឺជាការបំពេញឲ្យគ្នាទៅវិញទៅមក ទី១ កម្លាំងឈរជើងនៅទីនេះគឺជាកម្លាំងរបស់ខេត្តកំពង់ធំដែលបាន នាំនូវមុខមាត់សម្រាប់ខេត្តកំពង់ធំទាំងមូល ទី២ កម្លាំងដែលឈរជើងនេះគឺបានអនុវត្តតាមបទ បញ្ជាការយកចិត្តទុកដាក់របស់ថ្នាក់លើតាមខ្សែបណ្តោយ ក៏មានសរភូមិក្រោយនឹងថ្នាក់ខេត្ត យកចិត្តទុកដាក់ធ្វើឲ្យមានការទុកចិត្តគ្នាទៅវិញទៅមក និងជាការបង្ហាញនូវការរួមសុខរួមទុក្ខ ហើយចាត់ទុកថា ភារកិច្ចការពារនេះ ជាភារកិច្ចរបស់យើងទាំងអស់គ្នា។
ដោយ ប៊ុន រដ្ឋា




































