បន្ទាយមានជ័យៈយ៉ាងហោចណាស់មានបុរសចំនួនបីនាក់បានស្លាប់បន្ទាប់ពីក្រុមជួយសង្គ្រោះកំពុងតែព្យាយាមទាញ់ចេញពីរថយន្តឆ្លាមដែលបើកធ្លាក់ចូលទៅក្នុងទឹកប្រឡាយ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៥និង៣០នាទីល្ងាចថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០១៦មុខមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៥។
លោក សួន នីប៉ូ ប្រធានផ្នែកចរាចរណ៍ផ្លូវគោកបានអោយដឹងថា តាមសម្តីសាក្សីបានប្រាប់សមត្ថកិច្ចថារថយន្តឆ្លាមមួយគ្រឿងបានបើកបរពីជើងទៅត្បូង។លុះបើកមកដល់ចំនុចកើតហេតុរថយន្តនេះបានឡើងជែងជាមួយរថយន្តមួយផ្សេងទៀតក្នុងស្ថានភាពគ្រោះថ្នាក់ហើយក៏រេចង្កូតធ្លាក់ផ្លូវចូលទៅក្នុងទឹកលិចរថយន្តតែម្តង។
ក្រោមការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋនិងសមត្ថកិច្ចអស់រយះពេលយ៉ាងយូរទើបទាញជនរងគ្រោះចេញបានចំនួនបីនាក់។ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជាក់ថាបានស្លាប់បាត់បង់ជីវិតទៅហើយគ្រាដែលរថយន្តលិចទៅក្នុងទឹកហើយអ្នកជួយសង្គ្រោះយូរពេក។
សាក្សីបានអោយដឹងថាជនរងគ្រោះទាំងបីនាក់ជាគ្រូបង្រៀននៅសាលាបឋមសិក្សាឬស្សីក្រោកក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។ពេលនេះសពទាំងបីនាក់ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យរួចហើយរីឯរថយន្តសមត្ថកិច្ចកំពុងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត។ចំពោះករណីគ្រោះថ្នាក់ចរាចរនេះសមត្ថកិច្ចសន្និដ្ឋានថាគឺបណ្តាលមកពីបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ហើយមានជាតិស្រវឹង។




































