កម្មករខ្មែរ៦នាក់ ត្រូវថៃឃាត់ខ្លួនពេលចូលទៅកាប់ឈើគ្រញូង

0

image
ប្រទេសថៃ ៖ កម្មករខ្មែរចំនួន៦នាក់  ត្រូវបានកំលាំងយោធាថៃ  សហការជាមួយនឹង
ក្រុមតម្រួតថៃតាមប្រមាញ់នឹងឃាត់ខ្លួនបាន  ខណៈដែលពួកគេទាំងអស់គ្នាកំពុង ជិះក្នុងរថយន្តដែលដឹកឈើគ្រញូង បម្រុងលោតឆ័ត្រមកកាន់ព្រំដែនកម្ពុជា  នាខេត្ត
ស្រះកែវ  ប្រទេសថៃ ។
យោងតាមរបាយការណ៍របស់ក្រុមតម្រួតថៃបានអោយដឹងថា  នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី១៧  ខែកញ្ញា  ឆ្នាំ២០១៦  អង្គភាពរបស់ស្ថានីយ៍តម្រួតថៃប្រចាំខេត្ត ប្រាជីនបុរី
បានទទួលព័ត៌មានមួយពីសំណាក់ទាហានជួរមុខ  តាមបន្ទាត់ព្រំដែន  ស្តីពីការដឹកឈើ គ្រញូងរបស់រថយន្តចំនួន៣គ្រឿង  ដែលកំពុងបើកបរតាមបណ្តោយ  ផ្លូវសុវណ្ណាខន
ឆ្ពោះទៅកាន់ ខេត្តស្រះកែវ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម  កំលាំងបានបោះដៃ  ទាក់ទងទៅកាន់ស្ថានីយ៍តម្រួត ខ្លងមី  ប្រចាំស្រុកមឿង  ខេត្តស្រះកែវ  ដើម្បីដាក់បារ៉ាស់ស្កាត់មិនអោយរថយន្តនេះគេចបាន ព្រមទាំងបានផ្តល់សញ្ញាអោយរថយន្តទាំង៣គ្រឿងនេះឈប់ដើម្បីធ្វើការត្រួតពិនិត្យ នៅត្រង់ចំណុចខាងមុខមន្ទីរពេទ្យវឌ្ឍនាណាក់ខន ។ ផ្ទុយទៅវិញ  គឺមានរថយន្តមួយគ្រឿង  ក្នុងចំណោមរថយន្តទាំង៣គ្រឿងនោះ  ម៉ាកវីហ្គូ      ព៌ណខ្មៅ  ពាក់ស្លាកលេខ បាងកក  ៧៣៦៩  បានបើករត់ដោយបានបំពានទៅលើបារ៉ាស់ដែលក្រុមតម្រួតដាក់កាត់ផ្លូវ ធ្វើអោយកង់រថយន្តត្រូវបែកមិនអាចបើកបរទៅមុខទៀតបាន  ទើបអ្នកបើកបរដ៏វ័យក្មេង  និងទើបតែមានអាយុ១៨ឆ្នាំ  បានបើកទ្វារអោយកម្មករខ្មែរចំនួន៦នាក់  ដែលជិះនៅក្នុងរថយន្ត  រត់គេចខ្លួនតែមិនអាចគេខផុតបានទេ  គឺត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំងអស់លើកលែងតែអ្នកបើកបររថយន្តចំនួនពីរគ្រឿងដែលឈប់សំចតត្រឹមត្រូវនោះ  បានរត់គេចខ្លួនបាត់ស្រមោល ។ ក្រោយពេលបញ្ចប់កិច្ចប្រតិបត្តិការ  ក្រុមតម្រួតបានយកត្រាក់ទ័រមកអូសយករថយន្ត
ដែលបែកកង់ទៅកាន់ស្ថានីយ៍តម្រួតខេត្តស្រះកែវ  ព្រមទាំងបានពិនិត្យឃើញថា  រថយន្ត ទាំងនេះមានផ្ទុកឈើគ្រញូងសរុបមានចំនួន ៣៣ កំណាត់  ដោយអ្នកបើកបរវ័យក្មេង
រូបនោះបានសារភាពថា  ការដឹកឈើគ្រញូងនេះគឺខ្លួនគ្រាន់តែជាអ្នកសុីឈ្នួលបើករថយន្ត អោយថៅកែធំ  ដែលជាឈ្មួញឈើតែប៉ុណ្ណោះ  គឺបានទទួលកម្រៃក្នុងមួយជើង១មុឺនបាត
ចំណែកកម្មករខ្មែរទាំង៦នាក់  ក៏ជាអ្នកសុីឈ្នួលចូលទៅក្នុងតំបន់ហាមឃាត់ដើម្បីកាប់ឈើ គ្រញូងនោះដែរ  ដើម្បីទទួលបានប្រាក់បន្តិចបន្ទួចគ្រាន់ចិញ្ចឹមជីវិត ៕ បច្ចុប្បន្នអ្នកទាំងអស់
ត្រូវបានក្រុមតម្រួតថៃ  ប្រគល់ទៅអោយជំនាញដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
image