បន្ទាយមានជ័យ៖ ជនសង្ស័យ ៩នាក់និងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុអហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនបន្តបន្ទាប់ នៅ២ក្រុងស្រុកបន្ទាប់ពីអង្កេតស្រាវជ្រាវ។
ការចុះឃាត់ខ្លួនធ្វើឡើង នៅវេលាម៉ោង15និង45នាទី ថ្ងៃទី18 ខែកញ្ញា ឆ្នាំ2016 ក្រោមបញ្ជាផ្ទាល់ពី ឯកឧត្តម ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធខេត្ត ទទួលលើការងារបទល្មើសគ្រឿងញៀន បានដឹកនាំកម្លាំងមន្ទីរយុត្តិធម៌ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិភ្នំកន្តួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យបានចំនួន1នាក់ឈ្មោះ យ៉ា ចំរើន ហៅ ណុយ ភេទប្រុស អាយុ17ឆ្នាំ មានទីលំនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។ ក្រោយពីធ្វើការសាកសួររបស់កម្លាំងជំនាញ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រហូតដល់វេលា
ម៉ោង16និង55នាទី កម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន6នាក់ជាបន្តបន្ទាប់ទៀត នៅថ្ងៃទី19 ខែកញ្ញា ឆ្នាំ2016។ លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងថា ជនសង្ស័យ 1/ឈ្មោះ ទេស រ៉ូហ្សា ហៅ ស៊ីណា ហៅ មុំ ភេទស្រី អាយុ24ឆ្នាំ (ឃាត់ខ្លួននៅខេត្តបាត់ដំបង ដោយសហការជាមួយអាវុធហត្ថខេត្តបាត់ដំបង) 2/-ឈ្មោះ ឈួន វណ្ណដា ហៅ ពេន នាង ភេទប្រុស អាយុ 50 ឆ្នាំ 3/-ឈ្មោះ ហូ លីហៀង ភេទប្រុស អាយុ34ឆ្នាំ 4/-ឈ្មោះ ហ៊ុយ ហេង ភេទប្រុស អាយុ29ឆ្នាំ 5/-ឈ្មោះ គីម សាវី ភេទប្រុស អាយុ36ឆ្នាំ 6/-ឈ្មោះ នាម សីហា ភេទប្រុស អាយុ35ឆ្នាំ។ លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ក្រោយពីសាកសួរចម្លើយជនសង្ស័យទាំង6នាក់រួចមក ទើបនៅថ្ងៃទី20 ខែកញ្ញា ឆ្នាំ2016 នេះ កម្លាំងអាវុធហត្ថឈានដល់ការឆែកបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិទឹកថ្លា
សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដោយលោក តេង សាម៉ៃ ព្រះរាអាជ្ញារងអមសាលាដំបូងខេត្ត និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន2នាក់បន្ថែមទៀត 1/ឈ្មោះ សាន មន្នី ភេទស្រី អាយុ32ឆ្នាំ (ប្រពន្ធរបស់ ឈួន វណ្ណដា ហៅ ពេន នាង ) 2/ឈ្មោះ សាន សារ៉ែន ហៅ ម៉ាប់ ហៅ នាង ភេទប្រុស អាយុ24ឆ្នាំ។ លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំអស់នោះ ដកហូតវត្ថុតាងរួមមាន៖គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន 3 កូនថង់ទម្ងន់ 18,44 ក្រាម-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន1គ្រឿង-ទូរស័ព្ទដៃចំនួន 22 គ្រឿង-រថយន្តចំនួន1គ្រឿង -ម៉ូតូចំនួន2គ្រឿង-កូនថង់កិបសម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ-សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង9នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ: ឃិន គន្ធា




































