សៀមរាប៖ក៏ឆ្លៀតឱកាសលួចជិះយកទៅបានសម្រេចទាំងព្រឹកតែរត់មិនរួចល្ងាចឡើងជាប់អន្ទាក់របស់នគរបាលក្រុងសៀមរាបវិញ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨:០០នាទីព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០១៦ក្នុងភូមិទក្សិណខាងត្បូងសង្កាត់គោកចក ក្រុងសៀមរាប។
លោក វរសេនីយ៍ត្រី នួន សក្តិ៍ចំរើនរិទ្ធ អធិការរងទទួលកិច្ចការងារនគរបាលយុត្តិធម៍នៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ហំ ម៉ិក ភេទ ប្រុស អាយុ ២៤ ឆ្នាំរស់នៅក្នុងភូមិ បានជិះម៉ាកហុងដា C125សេរីឆ្នាំ២០១៣ឡើងតែម២០១៥ពាក់ស្លាកលេខសៀមរាប1O-4005 មកកាត់សក់ ចតម៉ូតូ រងចាំកាត់សក់ ដោយមិនបានដកសោរម៉ូតូចេញជនសង្ស័យឈ្មោះរិទ្ធវណ្ណហៅចោរភ្នំពេញ ភេទប្រុសអាយុ១៦ឆ្នាំឃើញឪកាសល្អក៏ចូលទៅលួចម៉ូតូខាងលើរួចជិះគេចខ្លួនបាត់ ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ នឹងពាក្យបណ្តឹងរបស់ជនរងគ្រោះ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោចកបានដឹកនាំកម្លាំងធ្វើការល្បាតពួនស្ទាក់នឹងរាយការណ៍ជូនលោកអធិការដើម្បីធ្វើការស្វែងរកម៉ូតូជូនជនរងគ្រោះក្នុងមូលដ្ឋានដោយមានការចូលរួមពីបងប្អូនប្រជាការពារ នៅវេលាម៉ោង១៥:៣០នាទីថ្ងៃខែដដែលជនសង្ស័យបានជិះម៉ូតូរបស់ជនរងគ្រោះ ចេញតាមច្រកខ្លោងទ្វារទន្លេរអុំ ឆ្លងកាត់តាមផ្លូវវាងខាងមុខប្រាសាទអង្គរឆ្ពោះទៅតាមផ្លូវកូរ៉េមកដល់ចំនុចផ្លូវចូលវត្តប្រាសាទគោកចកដោយឃើញកម្លាំងនគរបាលយើងនឹងបងប្អូនប្រជាការពារកាក់ឲ្យឈប់ក៏បត់ចង្កូតម៉ូតូជិះត្រលប់ក្រោយឃើញបែបនេះនគរបាលបានធ្វើការប្រដេញនឹងធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅចំនុចផ្លូវកូរ៉េ សង្កាត់គោកចកនឹងដកហូតបានម៉ូតូចំនួន០១គ្រឿងរបស់ជនរងគ្រោះ មកវិញ។លោកបន្តថា៖ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចកបញ្ជូនមកនគរបាលផ្នែកព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរបន្ថែម នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់ ។ចំពោះម៉ូតូដែលដកហូតបានពីជនសង្ស័យត្រូវបាននគរបាលប្រគល់ទទួលជូនជនរងគ្រោះវិញរួចហើយផងដែរ៕



































