ដោយ ឃិន គន្ធា
បន្ទាយមានជ័យ៖ អ្នកស្រុករិះគន់ថាអាងអំណាចជាអភិបាលរងស្រុកមិនព្រមរុះរើ ស្ថានីយប្រេង ចេញពីផ្លូវគ្រោងកសាងផ្លូវលេខ១៥៦D ទុកចោលមិនកសាងទឹកលិច អ្នកស្រុកខឹងសម្បារ ជេប្រទេច ព្រោះលំបាកធ្វើដំណើរលើគ្រប់មធ្យោបាយ។
អ្នកស្រុកព្រះនេតព្រះនិងមង្គលបុរីប្រាប់ថា: នៅពេលដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនផ្លូវ១ខ្សែចាក់កៅស៊ូដែលពីមុន ធ្លាប់តែលំបាកភ្ជាប់ពីផ្លូវជាតិលេខ៦កាត់ឃុំព្រះនេតព្រះ វាលស្រែស្រមោចឃុំគយម៉ែង និងឃុំឬស្សីក្រោក ឆ្លងទៅស្រុកមង្គលបុរីត្រង់ចំណុចរូបសំណាកយាយជីច្រូតស្រូវផ្លូវជាតិលេខ៥ អ្នកស្រុកសប្បាយចិត្ត និងសាទរថាបានផ្លូវថ្មីងាយស្រួល ដឹកកសិផលឆ្លងកាត់ទៅមក។ហើយផ្លូវ១ខ្សែរនេះស្ថាបនាស្ទើរតែរួចរាល់ហើយ នៅសល់ប្រមាណជា២០០ទៅ៣០០ម៉ែត្រចាក់កៅស៊ូដល់ផ្លូវជាតិលេខ៦ តែរហូតដល់ពេលនេះ ផ្លូវដែលមិនព្រមកសាងបន្តទំនងជាប៉ះពាល់ស្ថានីយប្រេងរបស់ លោក ស៊ុន ផានី អភិបាលរងស្រុកព្រះនេត្រព្រះ ដែលអាងអំណាចមិនព្រមរុះរើចេញទើប ក្រុមការងារអនុវត្តគំរោងមិនឃើញធ្វើបន្តទុកចោល ជង្ហុក ដក់ទឹក ធ្វើអោយអ្នកស្រុកទៅមកជួបការលំបាក។
អ្នកស្រុកសំណូមពរសុំអោយថ្នាក់ដឹកនាំ ជំនាញត្រូវពិនិត្យពិចារណាមើលទង្វើអភិបាលរងស្រុកដែលមិនព្រមរុះរើស្ថានីយប្រេង ចេញពីផ្លូវ ហើយសុំអោយកសាងផ្លូវនេះអោយបានឆាប់ហើយអោយអ្នកស្រុកបានប្រើប្រាស់លើគ្រប់មធ្យោបាយផងដែរ។
លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកព្រះនេត្រព្រះបានបញ្ជាក់ថា៖ ចំពោះស្ថានីយប្រេង លោក ស៊ុន ផានី អភិបាលរងស្រុកព្រះនេត្រព្រះដែលផលប៉ះពាល់ផ្លូវលេខ១៥៦ដេ គឺចុងសំយាបស្ថានីយប្រេង តែបន្តិចបន្តួចតែប៉ុណ្ណោះ។ ហើយស្រុកបានណែនាំអោយគាត់រុះរើហើយ តែយឺតយ៉ាវមិនបានការសងផ្លូវបន្តនោះ គឺលោកអោយសួរទៅក្រុមហ៊ុន ភ្លន់ហុង ដែលជាអ្នកទទួលកសាង ទាំងប្រព័ន្ធលូ ស្របពេលរដូវនេះជារដូវវស្សាទើបការកសាងមានការយឺតយ៉ាវ។
ករណីនេះក្រុមអ្នកយកព័តមានបានទាក់ទងទៅលោក ស៊ុន ផានី តាមរយះលេខ ទូរស័ព្ទ ០១៧.៧៧៣ ៣៧៧ ជាច្រើនដងតែមិនលើកទទួលឬឆ្លើយតបនោះទេ៕