ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានលើកទឹកចិត្តដល់ម្ចាស់សហគ្រា គ្រឹះស្ថាន និងក្រុមហ៊ុន ឱ្យបង្កើនការលើកស្ទួយជីវភាពរស់នៅរបស់កម្មករ ហើយគ្រប់និយោជកទាំងអស់ ត្រូវបន្តខិតខំលើកកម្ពស់អភិបាលកិច្ច លើវិស័យការងារ សន្តិសុខ សង្គម បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការសម្រេចចិត្តចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីអនុវត្តតាមគោលការណ៍ណែនាំ ដែលមានក្នុងលិខិតបទដ្ឋានកិត្តិយុត្តិជាធរមាន។
ប្រសាសន៍របស់ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅក្នុងពិធីប្រារព្ធខួបលើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់” និង ពិធីសម្ភោធអគារសាលប្រជុំ ដែលសាងសង់ឡើងក្នុងតម្លៃទឹកប្រាក់ច្រើនម៉ឺនដុល្លារ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបស់ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងគ្រប់ភាគីពាក់ព័ន្ធប្រមាណ ៥៦១នាក់។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល មានចក្ខុវិស័យលើកកម្ពស់ និងការអភិវឌ្ឍន៍លើស័យការងារ ហើយនៅពេលកិច្ចការងារទទួលបានការអភិវឌ្ឍ ពិតជាធ្វើឱ្យប្រែក្លាយទៅជាចលនាជាតិមួយនៅកន្លែងធ្វើការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស បុគ្គលិក កម្មករ និយោជិត និងនិយោជក ត្រូវចូលរួមអនុវត្ត ដើម្បីបង្កើន វប្បធម៌អនុលោមភាពស្របច្បាប់ និងការទទួលខុសត្រូវផ្នែកសង្គម ធ្វើឱ្យមានកំណើនការងារកាន់តែប្រសើរ ។
លោកអភិបាលខេត្តស្ទឹងត្រែង បានបន្តថា ដើម្បីធ្វើយ៉ាងណាឱ្យកំណើនការងាររបស់យើង ប្រជាជនរបស់យើង ត្រូវតែស្រូបយកការងារដែលមាននៅក្នុងប្រទេស មាននៅក្នុងខេត្ត មាននៅក្នុងក្រុង ស្រុករបស់យើង ឲ្យបានគ្រប់ៗគ្នា ដើម្បីពង្រីកជីវភាពរស់នៅរបស់គ្រួសារយើង ។
ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង លោក បួរ វិរុន បានថ្លែងថា គិតមកដល់ដើមឆ្នាំ២០២៥នេះ ខេត្តស្ទឹងត្រែងមានសហគ្រាស គ្រឹះស្ថានសរុបចំនួន ១៤៨សហគ្រាស ដែលមានកម្មករនិយោជិតសរុប ៤ពាន់ ៥៤៥នាក់ ស្រី១ពាន់ ៨១៦នាក់ ក្នុងនោះមានជនបរទេស ២៧៦នាក់ ស្រី ៣៥នាក់ និងមានកម្មករធ្វើប័ណ្ណ ប ស ស បានចំនួនជាង៥ពាន់នាក់ហើយ ។
លោក បួរ វិរុន បានបញ្ជាក់ថា រដ្ឋបាលខេត្តស្ទឹងត្រែង ក៏ដូចជាស្ថាប័នពាក់ព័ន្ធ និងម្ចាស់សហគ្រាស ក្រុមហ៊ុន តែងបានបំពេញកាតព្វកិច្ចការងារ និងបង្កើនការលើកស្ទួយជីវភាពជូនកម្មករ ដែលកំពុងធ្វើការនៅតាមក្រុមហ៊ុន និងសហគ្រាសនិមួយៗ បានយ៉ាងល្អប្រសើរ ព្រោះកម្មករ គឺជាកម្លាំងចលករមួយ ជំរុញការងាររបស់ក្រុមហ៊ុនឱ្យរីកចម្រើន។
តំណាងកម្មករក្រុមហ៊ុនចំការចេក ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានប្រកាសគាំទ្រ រាជរដ្ឋាភិបាល ដែលបានគិតគូដល់ជីវភាពរស់នៅរបស់កម្មករ។ ជាមួយគ្នានេះ ក៏បានស្នើសុំនិយោជក ជួយផ្តល់ប្រាក់ឧបត្ថម្ភឱ្យបានទៀងទាត់ពេលវេលា ព្រោះកម្មករធ្វើការងារ ត្រូវការប្រាក់សម្រាប់ទ្រទ្រង់លើជីវភាពគ្រួសារជាប្រចាំ៕ដោយ៖ឡុង សំបូរ