ការលើកស្ទួយជីវភាពកងទ័ពនៅតាមមូលដ្ឋានជម្រុញឲ្យមានការចិញ្ចឹមសត្វដាំបន្លែតាមមូលដ្ឋាន

0

កំពង់ធំៈ ក្រៅពីការងារស្នូលរបស់អង្គភាព នៅតាមវរសេនាតូច និងផ្នែកសឹករងស្រុកក្រុង យោធិនទាំងអស់ត្រូវហ្វឹកហាត់ ទាំងវិន័យដើម្បីរក្សាសេចក្តីថ្លៃថ្នូរ រួមទាំងចូលរួមការងារលើកកម្ពស់ជីវភាពរបស់អង្គភាព ដោយការបង្ករបង្កើនផល ដាំបន្លែ​ចិញ្ចឹមសត្វ នៅតាមអង្គភាពរបស់ខ្លួន។

ក្រោមការដឹកនាំរបស់ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសុំឲ្យនាយទាហាន និងពលទាហានទាំង អស់ឆ្លៀតឳកាស ចូលរួមយ៉ាងសកម្ម ក្នុងការដាំបន្លែ និងចិញ្ចឹមសត្វ និងចូលរួមសហការជាមួយអាជ្ញាធរ មូលដ្ឋាន និងកម្លាំងសមត្ថកិច្ច បង្រ្កាបបទល្មើសផ្សេងៗ និងផ្សារភ្ជាប់ការទំនាក់ទំនងជាមួយប្រជាពលរដ្ឋ​ផ្តល់នូវភាពជិតស្និទ្ធ ដើម្បីឲ្យក្លាយកងទ័ពរបស់ប្រជាពលរដ្ឋ កងទ័ពរបស់ប្រជាជន ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ដើម្បីចូលរួមអនុវត្ត​​ខ្លឹមសារ​ចលនា​ប្រឡង​ប្រណាំង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​កងទ័ព គឺជាការ​ណែនាំ​របស់​គណៈកម្មការ​ប្រឡង​ប្រណាំង​​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ ជាពិសេស​ផ្នែក​សឹក​រងបារាយណ៍​ នៃតំបន់សឹករងកំពង់ធំ​ បាន​ធ្វើ​សកម្មភាពដាំបន្លែស្រមតាមការណែនាំ​បានល្អប្រសើរ ក្នុងនោះតាមបណ្តាវរសេនាតូច និងផ្នែកសឹករងដ៏ទៃ ក៏កំពុងតែចូលរួមយ៉ាងសកម្ម តាមគោលការរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ក្នុងឳកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ផងដែរថា សកម្មភាពបង្ករបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វនេះ ទី១បានហ្វឹកហាត់ឲ្យនាយទាហាន និងពលទាហានចេះស្រឡាញ់ការបង្ករបង្កើនផល ទី២គឺជាការហាត់ប្រាណដើម្បីសុខភាពនិងឲ្យជាប់ជាទំលាប់ ទី៣ គឺជាការកាត់បន្ថយការចំណាយនិងលើកកម្ពស់ជីវភាពរបស់អង្គភាព។

ដោយ  ប៊ុន  រដ្ឋា