ខេត្តកំពតៈ កាលពីថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៦ រដ្ឋបាលខេត្តកំពតបានបើកធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០១៧ ។
អង្គសន្និបាតមានរយៈពេលមួយថ្ងៃដោយក្នុងនោះ បានបង្ហាញនិងពិភាក្សាសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារនៅក្នុងឆ្នាំ២០១៦និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់
ឆ្នាំ២០១៧របស់រដ្ឋបាលខេត្ត ព្រមទាំងមានបទអន្តរាគមន៍ពីមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរ ក្រុងស្រុកដើម្បីស្វែងរកចំណុចខ្លាំងបញ្ហាប្រឈម ចំណុចខ្វះខាតដែលនៅសេសសល់ដើម្បីកែលម្អភាពអវិជ្ជមានកើតមានកន្លងមក សំដៅរួមគ្នាសម្រេចឲ្យបាននូវ អភិបាលកិច្ចល្អ ព្រមទាំង រកគន្លឹះល្អៗ រួមដោះស្រាយរាល់បញ្ហាប្រឈមនានាដើម្បីបង្កើនប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពការងារបន្ថែមទៀត។
អង្កសន្និបាតនៅវេលារសៀលថ្ងៃដដែលក៏បានធ្វើពិធីបិទក្រោមអធិបតីភាព ឯ.ឧប៉ុល-លឹមរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោមស-ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ឯ.ឧចាន់-ចេស្ដា អភិបាលនៃគណៈភិបាលខេត្តបានគូសបញ្ជាក់អំពីរបាយការណ៍លទ្ធផលនៃអង្គសន្និបាត ក្នុងនោះបានឆ្លុះបញ្ចាំងវាយតម្លៃខ្ពស់ចំពោះសភាពការណ៍រួមដោយផ្ដោតជាសំខាន់ លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការងារអត្តសញ្ញាណកម្ម ការដោះស្រាយបញ្ហាទំនាស់ដីធ្លី ដោយបន្តអនុវត្តបទបញ្ជាលេខ០១បប របស់រាជរដ្ឋាភិបាល ដែលនៅសេសសល់ឲ្យបានអស់ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ បន្តអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របៀបរបបធ្វើការងារ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ពិសេសការអនុវត្តសារាចារ របស់រាជរដ្ឋាភិបាល ស្ដីពីការលប់ ការបង់ថ្លៃ ចំពោះប្រជាពលរដ្ឋលក់ដូរ តាមកញ្ជើ កញ្ច្រែង ល្អី។
មានប្រសាសន៍បិទអង្គសន្នុិបាតឯ.ឧ ប៉ុល-លឹមបានថ្លែងការកោតសរសើរចំពោះអាជ្ញាធរ សមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធក្នុងខេត្តពត គ្រប់ផ្នែក គ្រប់ថ្នាក់ និង មន្ទីរអង្គភាពជំនាញដែលបានយកចិត្តទុកដាក់សហការគ្នាបានល្អ ដោយពង្រឹងបានលើការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថេរភាពនយោបាយ នៅក្នុងខេត្ត ធ្វើអោយដំណើរការ នៃការគ្រប់គ្ររដ្ឋបាលដែនដី និងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានដំណើរការប្រកបដោយនិរន្តរភាព។
ឯ.ឧ ប៉ុល-លឹមក៏បានផ្ដាំផ្ញើ ដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញក្នុងខេត្តទាំងអស់ បន្តយកចិត្តទុកដាក់ សហការគ្នាបន្ថែមទៀត ដើម្បីបន្តចូលរួមអនុវត្តនូវតួនាទីភារកិច្ច របស់អាជ្ញាធរដែនដី មន្ទីជំនាញ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ។ ពិសេសបញ្ហាប្រឈមលើការងារដឹកនាំគ្រប់គ្រង និងអនុវត្តលើការងារដែលមានចំណុចរសើប
មួយចំនួនពាក់ព័ន្ធនឹង ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ស្ថេរភាពនយោបាយ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ និងតំបន់ឆ្នេរសមុទ្រ ការផ្ដល់សេវារដ្ឋបាល និងការទំនាក់ទំនងនិងការគាំទ្ររបស់រដ្ឋបាលខេត្ត ចំពោះរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ប្រសិទ្ធភាពនៃថ្នាក់រដ្ឋបាលទាំងនោះនិងបញ្ហាជម្លោះដីធ្លីជាដើម។
ក្នុងឱកាសនោះឯ.ឧរដ្ឋលេខាធិការ ប៉ុល-លឹម ក៏បានបំពាក់មេដាយការងារថ្នាក់មាស ប្រាក់និងថ្នាក់សម្រឹត ជូនដល់ មន្រ្តីរដ្ឋបាល ខេតក្រុង ស្រុកផងដែរ។




































