ក្លិប Southampton បានបង្ហាញដល់ក្លិប Manchester United ថា ពួកគេចង់បានខ្សែប្រយុទ្ធ Javier Hernandez ជាថ្នូរដោះដូរនឹងខ្សែការពារឆ្វេងគឺកីឡាករ Luke Shaw ។
អតីតជើងឯកក្របខណ្ឌ Premier League មួយនេះត្រូវបានគេដឹងថា បានដាក់សំណើរប្រមាណ ២៧លានផោនដល់កីឡាករ Shaw ប៉ុន្តែប្រភពព័ត៌មានដដែលបានលើកឡើងទៀតថា ក្លិប Southampton ចង់ឲ្យ Manchester United បន្ថែមប្រាក់លើនេះចំនួន៣លានផោនទៀត ។
យោងតាមសារព័ត៌មាន The Express បានចុះផ្សាយថា ក្នុងអំឡុងពេលនៃការដោះដូរគ្នា ក្លិប Southampton បានតម្រូវឲ្យ Manchester United ព្រមលក់ខ្សែប្រយុទ្ធ Hernandez ដើម្បីផ្លាស់ប្តូរគ្នាជាមួយ Luke Shaw ។
គួរបញ្ជាក់ថា បន្ទាប់ពីការចាកចេញរបស់ Rickie Lambert ទៅកាន់ Liverpool ក្លិប Southampton កំពុងតែ សម្លឹងឆ្ពោះទៅរកការបង្កើនសមត្ថភាពប្រយុទ្ធរបស់ខ្លួនដើម្បីរកកៅអីមួយលេងក្នុងពានរង្វាន់ទ្វីបអឺរ៉ុបនៅរដូវកាល ក្រោយ ៕






































