បែកធ្លាយក្លិនស្អុយអាវុធហត្ថខេត្តសៀមរាប ចាប់គោយន្តកន្ត្រៃជំរិតទារលុយ១៥០០ដុល្លា

0

សៀមរាប៖ តាមសេចក្តីរាយការណ៍ ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មានមន្រ្តីកងរាជអាវុធហត្ថ ខេត្តសៀមរាប ចំនួន២នាក់ ឃាត់កាឡេថង ដឹកឈើរបស់ប្រជាពលរដ្ឋ ហើយបានបង្គាប់ឲ្យបង់លុយចំនួន១៥០០ដុល្លា ជាថ្នូរនិងមិនចាប់ ប្រភពនេះត្រូវបានទម្លាយឲ្យដឹង នៅព្រឹកថ្ងៃទី០៣ខែមករាឆ្នាំ២០១៧ ក្នុងភូមិសាស្ត្រ ឃុំចាន់សស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រជាពលរដ្ឋបាននិយាយថា ការប្រកបមុខរបរដឹកឈើបន្តិចបន្តួច រកព្រឹកខ្វះល្ងាច គឺជាមុខរបរសម្រាប់ចិញ្ចឹមអស់លោកសមត្ថកិច្ច ដែលនៅតាមដងផ្លូវ គ្រប់ជំនាញមិនដឹងថា ខាងជំនាញអ្វីខ្លះទេ គឺសុទ្ធតែអ្នកធំ  ហើយបានបង់លុយគ្រប់ទាំងអស់ សរុបហើយនៅសល់បន្តិច គឺមិនស្មើរនឹងបងៗគាត់ចាំអង្គុយទទួលលុយ ស្រាប់ដោយមិនចាំបាច់អស់លុយនោះទេ។

ម្ចាស់គោយន្តកន្ត្រៃដែលជាជនរងគ្រោះ មានឈ្មោះតេងបានប្រាប់ថា នៅថ្ងៃកើតហេតុ លោកបានដឹកឈើ និងកាឡេថង  ហើយក៏ធ្លាប់បានបង់លុយ ឲ្យលោកប៉េអ៊ឹម ឈ្មោះ លី ហួតហៅ តួក ជាមន្ត្រីកងរាជអាវុធហត្ថខេត្ត‌ ទទួលផ្នែកសេដ្ឋកិច្ច និងឈ្មោះស៊ុយ ប៉េអុំ បានមកចាប់ឃាត់កាឡេថងដឹកឈើម្តងទៀត ហើយបង្ខំឲ្យ បង់លុយចំនួន២០០០ដុល្លារតែសម្រួលគ្នាត្រឹម១៥០០ដុល្លារទើបពួកគាត់យល់ព្រមដោះលែងឲ្យចេញ។

ជនរងគ្រោះបានបន្តថា ដំបូងឈ្មោះស៊ុយ បានសុំទិញឈើនោះតែគាត់មិនលក់ឲ្យទើបគាត់ចេញមកតែម្តងទៀត ចំណែកលោកអនុសេនីយ៍ឯក លី ហួត ហៅតួក មិនអាចទាក់ទងសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ ២០១៧នេះដោយហៅចូលជាច្រើនដងតែគ្មានអ្នកទទួល។

ទាក់ទិននឹងករណីនេះដែរលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបមិនអាចទាក់ទងសុំការពន្យល់ពីលោកបានទេនៅព្រឹកថ្ងៃទី៤នេះដោយសារហៅទូរស័ព្ទទៅលោកចូលតែគ្មានអ្នកទទួល ជុំវិញករណីចោទប្រកាន់ទៅលើមន្រ្តីកងរាជអាវុធហត្ថ២នាក់ នេះដែរលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបថ្លែងថា៖ករណីនេះលោកនៅមិនទាន់ដឹងទេប៉ុន្តែលោកស្នើឲ្យជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅតុលាការ។

ដោយ  ប៊ុន  រដ្ឋា