កំពង់ធំ. មានការភ្ញាក់ផ្ងើលទាំងកណ្តាលអាធ្រាត ដោយសារតែមានអគ្គីយបានលេបត្របាក់ផ្សារក្រវ៉ា ស្ថិតនៅឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ. កាលពីវេលាម៉ោង១និង៥០នាទីយប់ឈានចូលថ្ងៃទី៦ខែមករា ឆ្នាំ២០១៧ ខណះនេះភ្លើងកំពុងតែឆេះសន្ធោសន្ធៅ រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការខេត្តកំពង់ធំ និងរថយន្តរបស់ស្រុកបារាយណ៍ ចំនួន៣គ្រឿងកំពុងតែជួយធ្វើអន្តរាគមន៍ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីដែលបង្ករឲ្យមានអគ្គីភ័យឆាបឆេះផ្សារក្រវ៉ានេះ គឺបណ្តាលមកពីមានការដុតភ្លើងភ្នួក់នៅក្បែរតូបផ្សារ ក្រោយមកក៏មានខ្សល់បក់ ធ្វើអោយរងើកភ្លើងប៉ើងទៅ ឆេះតូបផ្សារ. ខណះនោះប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ ក៏បាននំាគ្នាជួយពន្លត់ តែដោយសារតែពុំមានទឹក ក៏បណ្តាលឲ្យឆេះរាលដាលដល់តូបដ៏ទៃៗទៀត ភ្លាមនោះក៏បានរាយការណ៍ជូនដល់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ តែដោយសារតែរថយន្តពន្លត់អគ្គីភ័យនៅឆ្ងាយពីស្នងការខេត្តកំពង់ធំ មកផ្សារក្រវ៉ាប្រមាណ៤៥គីឡូម៉ែត្រ ធ្វើឲ្យអគ្គីភ័យលេបត្របាក់ផ្សារក្រវ៉ាផ្នែកខាងមុខដែលមានប្រមាណ៦០តូប។
តាមការឲ្យដឹងពីលោកស្រី អឹុម សុជា ជំទុកឃុំទីមួយបានអះអាងថា ករណីភ្លើងឆេះផ្សាក្រវ៉ានេះបើតាមការមើលជាក់ស្តែងគឺងអស់៦០តូប ដែលជាតូបធ្វើអំពីរឈើ ប្រកស័ង្ខសី តូបទាំងនេះលក់អីវ៉ាន់ចាបហួយ កាត់ដេរលក់ផ្លែឈើ លក់បាយ ហាងកាហ្វេ ត្រូវបានឆេះអស់ទាំងស្រុង ខណះនោះក៏មានរថយន្តពន្លត់អក្គីភ័យរបស់ស្នងការខេត្តកំពង់ធំ ចំនួន២គ្រឿង និងរថយន្តរបស់អធិការស្រុកបារាយណ៍ចំនួន១គ្រឿង សរុប៣គ្រឿង បានប្រើប្រាស់ឡានទឹកអស់ចំនួន៥គ្រឿង ទើបអាចគ្រប់គ្រងភ្លើងបាននៅវេលាម៉ោង ៤និង៣០នាទីព្រឹក។
នៅក្នុងហេតុការណ៍អគ្គីភ័យលេបត្របាក់ផ្សារក្រវ៉ានេះ គេសង្កេតឃើញវត្តមានឯកឧត្តម អ៊ុត សំអន អភិបាលនៃគណះអភិបាលខេត្តកំពង់ធំ បានចុះមកកន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ ក៏ដូចជាថ្ងៃចុង ក្រោយដែលឯកឧត្តម ត្រូវបានផ្ទេរតំណែងអភិបាលខេត្តទៅឲ្យអភិបាលខេត្តថ្មីឡើងកាន់តំណែង នៅរសៀលម៉ោង២ ថ្ងៃទី៦ខែ មករាឆ្នាំ២០១៧នេះ ក្នុងនោះក៏មានការចូលរួមពីសំណាក់លោក ហាក់ មុងហួត អភិបាលស្រុកបារាណ៍ ព្រមទាំងកម្លាំងផ្នែកសឹករងស្រុកបារាយណ៍ ចំនួន៨នាក់ និងប៉ូលិស ប៉េអុឹម និងប្រជាពលរដ្ឋចូលរួមពន្លត់ភ្លើងយ៉ាងសស្រាក់ស្រាំផងដែរ។តែទោះជាយ៉ាងណានោះនៅវេលាម៉ោង៥ ព្រឹកនេះសមត្ថកិច្ច ពុំទាន់អាចសរុបការខូចខាតនៅឡើយទេ ក្នុងនោះដែរក៏ពុំមានអ្នកណារងគ្រោះដោយសារតែករណីភ្លើងឆេះនោះទេ។
ដោយ ប៊ុន រដ្ឋា




































