សៀមរាបៈ ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានហែរហមបន្តកន្ទុយគ្នា ដើម្បីទៅទស្សនាការកែច្នៃចំបើង ជារូបសំណាកសត្វផ្សេងៗ រួមទាំងមានការដាក់តាំងពិព័រណ៍ ការដាំដុះដំណាំកសិកម្ម រួមទាំងបន្លែបង្កាគ្រប់ មុខនៅក្នុងពិធីបុណ្យកសិទេសចរណ៍ ដែលបានរៀបចំឡើងក្នុងរយះពេលថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់២២ ខែមករា ឆ្នាំ២០១៧ស្ថិតនៅភូមិ កន្រ្តក សង្កាត់ស្វាយដង្គម ក្រុងសៀមរាប ខេត្តសៀមរាប ។
តាមការរៀបរាបរបស់លោក ឆេង រដ្ឋា អ្នករៀបចំកម្មវិធីបានឲ្យដឹងថា ការរៀបចំតាំងពិព័រណ៍បុណ្យចំបើង ឬបុណ្យកសិទេសចរណ៍នេះគឺត្រូវបានធ្វើឡើងចំនួន៣លើកមកហើយ ទី១ និងទី២ គឺបានធ្វើឡើងនៅស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ និងលើកទី៣ គឺនៅក្នុងខេត្តសៀមរាបក្នុងពេលនេះ ដែលបានរៀបចំឡើងដោយលោក អូ ដែលជាជនជាតិកូរ៉េ បានចំណាយថវិការក្នុងការសាងសង់ជិត ១លាន ដុល្លា នៅលើផ្ទៃដី៤ហិចតា ដោយបានរៀបចំជាអាគាររីសត មានស្រះទឹក និងស្ពានឬស្សី មានកញ្ជុះសម្រាក់ស្នាក់ពិសារអាហារ ក្រោមជំនោរធម្មជាតិពិតៗ ។
លោក ឆេង រដ្ឋា បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ ដែលបានមកទស្សនា ក្នុងពិធីបុណ្យ ក្នុងរយះពេល៣ថ្ងៃនេះ ក្នុងមួយថ្ងៃមានចំនួន៤ពាន់ ទៅ៥០០នាក់ គឺជាការចង់ឃើញការច្នៃប្រឌិតចំបើង ដែលបានសេសសល់ពីការប្រមូលផលស្រូវ ដែលកន្លងមកធ្លាប់តែយក ទៅឲ្យគោស៊ី ឬធ្វើជាផ្សិត និងគល់កញ្រាំងទាំងឡាយត្រូវបានដុតចោល តែពេលនេះលោក អូ ដែលជា ប្រធានគ្រប់គ្រងរីសតនេះ បានចង់ចំបើងផ្តុំគ្នាជាច្រើនរាប់ពាន់ដុំ ដាក់តំម្រៀបគ្នា ខ្លះតែងធ្វើជារូបសំណាកសត្វផ្សេងៗ ខ្លះតែងជាអក្ស មិនតែប៉ុណ្ណោះនៅក្នុងកម្មវិធីបុណ្យកសិទេសចណ៍នេះ បានដាក់តាំងបង្ហាញនូវការដាំពូជស្រូវផ្សេងៗ និងរុក្ខជាតិដំណាំដំាដុះជាច្រើនមុខ មិនត្រឹមតែធ្វើឲ្យអ្នកទេសចរណ៍មានការចាប់អារម្មណ៍ ប្លែកសប្បាយហើយ ថែមទាំងមានចំណេះដឹងទៀតផង លោកបានបន្តថាក្រោយពីចប់កម្មវិធីទីតាំងពិព័រណ៍នេះ និងក្លាយជារីសត និងភោជនីយដ្ឋានសម្រាប់ទទួលការស្នាក់នៅរបស់ជនជាតិកូរ៉េ ដែលចូលចិត្តធម្មជាតិ ។
ប្រជាពលរដ្ឋដែលបានទៅទស្សនាបាន ចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការតាំងបង្ហាញ និងផ្តល់ចំណេះដឹង ដល់ប្រជាកសិករ ដែលប្រកបមុខរបរធ្វើដំណាំកសិកម្ម រួមទាំងរីករាយយ៉ាងក្រៃលែង ដែលបានធ្វើឲ្យទីតាំង នេះក្លាយជាទីតាំងទេសចរណ៍ធម្មជាតិ ព្រមទាំងបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើននៅតំបន់ភូមិកន្រ្តកនេះ មានការធ្វើ ហើយអាចលក់ទំនិញរកចំណូលបានពីភ្ញៀវទេសចរណ៍ផងដែរ។
ដោយ ប៊ុន រដ្ឋា





































