កំពុងអង្គុយសារសងស្នេហា លេចមុខជនសង្ស័យ៣នាក់យកដាវមកគំរាមប្លន់ម៉ូតូបានសម្រេច ប៉ុន្តែ១ម៉ោងក្រោយរកឃើញម៉ូតូវិញ

0

Kim Panha
ភ្នំពេញ ៖ បុរសនារីជាសង្សារមួយគូរ ខណៈកំពុងអង្គុយសារសងនែបនិត្យគ្នា នៅទីងងឹតស្ងាត់ស្រាប់តែមានជនសង្ស័យ៣នាក់មកកាត់សង្វាក់ ដោយធ្វើជាខ្ចីទូរស័ព្ទតេ បន្ទាប់មកបានដកដាវមកគំរាមកាប់រួមធ្វើសកម្មភាពប្លន់យកម៉ូតូពីជនរងគ្រោះម៉ាកសង់សេ១២៥ស៊េរី០១៦ បានសម្រេច ហើយជនសង្ស័យយកទៅលាក់ទុកនៅដីឡូត៍មួយកន្លែង ក៏ត្រូវសមត្ថកិច្ចរកឃើញបានមកវិញ។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង២១យប់
ថ្ងៃទី២៩ មករា ២០១៧ ស្ថិតនៅចំណុចដីវាលខាងលិចរបងរោងចក្រកាណាឌីយ៉ា ក្រោយរោងទឹកត្នោតជូរ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ ឈឿន ឈីន អាយុ២២ ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ និងមានស្រុកកំណើតភូមិ ពពាយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។រីឯម៉ូតូម៉ាក ហុងដារឌ្រីមសង់សេ១២៥
ស៊េរី២០១៧ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ
1I-3080 ចំណែកជនសង្ស័យមានគ្នា៣នាក់ប្រដាប់ដោយដាវមួយដើម មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនក្រោយពេលកើតហេតុ។

តាមសម្តីពីជនរងគ្រោះបានឲដឹងថា នៅមុនពេលកើតហេតុ ខ្លួនជាមួយនឹងសង្សារបានទៅអង្គុយលេងសារសងស្នេហា នៅទីកន្លែងកើតហេតុដែលជាកន្លែងស្ងាត់ ក្រោយមកក៏មានជនសង្ស័យ៣នាក់ដើរមកក្បែរ រួចបានសុំខ្ចីទូរស៏ព្ទរបស់ខ្លួន តែខ្លួនបានប្រាប់ថាទូរស័ព្ទអស់ទឹកប្រាក់ហើយ ភ្លាមនោះជនសង្ស័យបានដកដាវមកគំរាមកាប់មកលើខ្លួនដើម្បីប្លន់យកម៉ូតូ ដោយជនរងគ្រោះភ័យខ្លាច ទើបប្រគល់សោរម៉ូតូទៅជនសង្ស័យ រួចជនសង្ស័យបានជិញចេញទៅបាត់ទៅ។

ក្រោយកើតហេតុជាងមួយម៉ោង ទើបជនរងគ្រោះតាំងអារម្មណ៍បានទៅប្តឹងសមត្ថកិច្ចប៉ុស្តិចោមចៅ
ក្រោយមកសមត្ថកិច្ចបាននាំជនរងគ្រោះទៅចង្អុលបង្ហាញពីកន្លែងកើតហេតុ និងប្រាប់ពីផ្លូវដែលជនសង្ស័យជិះចេញ ទើបសមត្ថកិច្ចក្តាប់បាន រួចបាននាំជនរងគ្រោះទៅដីឡូត៍មានព្រៃមួយកន្លែងស្ថិតនៅក្រោយភូមិគោកចំបក់ ពីព្រោះកន្លែងដីឡូត៍នេះពីមុនមានជនសង្ស័យធ្វើសកម្មភាពកន្លងមក ធ្លាប់យកវត្ថុតាងយកទៅលាក់ទុកទីនោះ លុះដល់សមត្ថកិច្ចនាំជនរងគ្រោះទៅពិនិត្យមើលក៏ស្រាប់តែឃើញម៉ូតូដែលក្រុមជនសង្ស័យធ្វើសកម្មភាពមុនេះដែលជារបស់ជនរងគ្រោះទៅលាក់ទុកទីនោះមែនដោយយកមែកឈើគ្របពីលើម៉ូតូ។

ក្រោយពេលរកម៉ូតូឃើញវិញ សមត្ថកិច្ចបាននាំយកម៉ូតូទៅរក្សាទុកនៅផ្នែកជំនាញព្រហ្មទ័ណ្ឌខណ្ឌពោធិសែនជ័យ ចំណែកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលចោមចៅ ដើម្បីកំណត់មុខសញ្ញា ចាប់យកមកផ្តន្ទាទោសទៅតាមច្បាប់៕