ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ផ្តល់ថវិកាសប្បរសជនចំនួន២២លានរៀលដល់ក្រុមយុវជន នៃអង្គការសប្បុរសធម៌កុលបុត្រកម្ពុជា

0

ដោយ៖ពលះ   មណ្ឌលគិរី៖  ថវិកាសប្បុរសជនចំនួន២២លានរៀល ត្រូវបានឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី ប្រគល់ជូនដល់ក្រុមយុវជន នៃអង្គការសប្បុរសធម៌កុលបុត្រកម្ពុជានៅរសៀលថ្ងៃទី៣០ខែមករានេះ ដែលបានធ្វើដំណើរដោយជិះកង់ចាកចេញពីខេត្តរតនះគិរី កាលពីថ្ងៃទី២៩ ខែមករា មកដល់ខេត្តមណ្ឌលគិរី ក្នុងគោលបំណងចុះរៃអង្គាស់ថវិកា ផ្តល់ជូនដល់ពេទ្យគុន្ធបុប្ផា ជួយដល់កុមារមានជំងឺ ព្រមទាំងកសាងមណ្ឌលកុមារកំព្រា និងសាងសង់នូវអាគារស្នាក់នៅសម្រាប់កុមារកំព្រាផងដែរ។

ក្នុងយុទ្ធនាការស្ម័គ្រចិត្តរៃអង្គាសថវិកាពីសប្បុរសជនក្នុងខេត្តមណ្ឌលគីរី ក្រុមយុជនស្ម័គ្រចិត្ត មានកាន់បដារ( កង់គន្ធបុប្ផាគ្មានស្រា កង់គន្ធបុប្ផា១លានដុល្លារ និងកង់គន្ធបុប្ផា ២៥ខេត្តក្រុង )ព្រមទាំងហិបប្រមូលវិភាគទាន ហើយការចុះរៃអង្គាស់នេះដែរមានចូលរួមពីសហភាពសហព័ន្ធយុវជន និងយុវជន១៥៧សាខាកាកបាទក្រហមខេត្តមណ្ឌលគិរី ២៥នាក់។

មកដល់ថ្ងៃទី៣០ខែមករានេះយុទ្ធនាការជិះកង់២៥ខេត្តក្រុង បានឆ្លងកាត់ខេត្តចំនួន១២រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនះគិរី និងខេត្តមណ្ឌលគិរី។

ក្នុងពិធីប្រគល់ថវិកាដល់នោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានផ្តល់ថវិកាបន្ថែមចំនួន២លានរៀលដល់ក្រុមយុវជន នៃអង្គការសប្បុរសធម៌កុលបុត្រកម្ពុជាសម្រាប់ការហូបចុក និងស្នាក់នៅ នៅពេលដែលបន្តចុះទៅខេត្តក្រចេះរៃអង្គាស់ថវិកាពីសប្បុរសជនមិនតែប៉ុណ្ណោះឯកឧត្តមបានអោយរថយន្តរបស់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីជូនដំណើរផងដែរ។

បន្ទាប់មក អនុប្រធានក្រុមយុវជន នៃអង្គការសប្បុរសធម៌កម្ពុជាកុលបុត្រ លោក ធុល វិសាល បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ដែលបានសម្របសម្រួលទាំងការស្នាក់នៅ និងហូបចុកក្នុងរយះពេលដែលក្រុមយុវជនស្ម័គ្រចិត្តមកដល់ទឹកដីខេត្តមណ្ឌលគីរី ព្រមទាំងបានអំពាវនាវដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគីរី អោយចូលរួមឧបត្ថម្ភថវិកាសម្រាប់ជួយដលពេទ្យគុន្ធបុប្ផា។

សូមបញ្ជាក់ផងដែរថា ក្រុមយុវជននៃអង្គការសប្បុរសធម៌កុលបុត្រកម្ពុជា មានចំនួនប្រមាណជា ១២នាក់ ហើយថវិកាដែលប្រមូលបានក្នុងនោះ ៥០% ជួយមន្ទីរពេទ្យគន្ធបុប្ផា និង ៥០% ជួយអង្គការសប្បុរសធម៌កម្ពុជាកុលបុត្រ ដើម្បីកសាងមណ្ឌលកុមារកំព្រា និងធ្វើអគារស្នាក់នៅអោយកុមារកំព្រា ហើយយុទ្ធនាការនេះគ្រោងប្រមូលថវិកាឲ្យបាន ១លានដុល្លារសម្រាប់ដំណើរជិះកង់ ចំនួន២៥ខេត្តក្រុង៕