ស្នងការនគរបាលខេត្តកំពតអន្តរាគមន៍ពិសេស ចេញសហការល្បាតដើម្បធានាការពារសន្តិសុខ

0

ខេត្តកំពតៈ   ដើម្បធានាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមក្នុងខេត្តកំពត ឲ្យមានស្ថិរភាពល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដាក់ចេញនូវផែនការការពារ តាមគោលដៅសំខាន់ៗមួយចំនួនលើ០៨ក្រុង-ស្រុក ដោយចាត់តាំងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត ចេញសហការល្បាត ចល័ត តាមគោលដៅ និងគ្រប់ច្រកល្ហកនៅតាមបណ្តាក្រុង-ស្រុកទាំង០៨ទូទាំងខេត្ត ដើម្បីបង្ការ ទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសនានាដែលកើតឡើងជាយថាហេតុ ។ ជាលទ្ធផលរួមមាន :
១.បានធ្វើការអប់រំដល់ក្មេងទំនើងដែលជិះម៉ូតូប្រើប្រាស់បំពង់ស៊ីម៉ាំងកែច្នៃ ម៉ូតូប្រើអំពូលLEDខុសលក្ខណៈបច្ចេកទេស ដែលជាហេតុបង្កនូវការរំខានដល់អ្នកដទៃ ក៏ដូចជាបង្កនូវគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។២.បានចុះសំណេះសំណាលជាមួយបងប្អូនកងកម្លាំងដែលប្រចាំការនៅតាមមូលដ្ឋានប៉ុស្តិ៍ទាំង ៩៣ប៉ុស្តិ៍ និងប្រជាពលរដ្ឋ ក្នុងគោលបំណងជួយផ្តល់ដំណឹងជនដែលប្លែកមុខចូលមកភូមិ-ឃុំដល់អាជ្ញាធរដែនដីឲ្យបានរហ័សបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីងាយស្រួលក្នុងការក្តាប់មុខសញ្ញាជនសង្ស័យណាមួយដែលមានគំនិតអាក្រក់មកលើបងប្អូនប្រជាពលរដ្ឋយើង ។
៣.បានដាក់កម្លាំងចាំពួនស្ទាក់នៅតាមតំបន់ភូមិសាស្ត្រដែលរសើប និងងាយបង្កនូវបទល្មើសមួយចំនួនក្នុងក្រុង-ស្រុក ។ ស្របនឹងស្ថានភាពស្មុគស្មាញខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្ត សូមលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ចំពោះទ្រព្យសម្បត្តិ និងរបស់របរមានតម្លៃផ្សេងៗរបស់ខ្លួន ត្រូវទុកដាក់ឲ្យបានត្រឹមត្រូវជៀសវាងនូវការបាត់បង់ដោយប្រការណាមួយ ។ ហើយរដូវនេះទៀតសោតគឺជារដូវប្រាំងសូមប្រុងប្រយ័ត្នចំពោះការដុតទាន ធូប និងការប្រើប្រាស់ភ្លើងអគ្គិសនីផ្សេងៗ ដែលជាបច្ច័យនាំឲ្យកើតគ្រោះអគ្គិភ័យជាយថាហេតុ ។