VIDEO ឧត្តមសេនីយ៍ សោម ស៊ុន នាំ គ្រឿងឧបភោគបរិភោគប្រគេនវត្តបុទម្ភរ័ត្ន ហៅវត្តក្រចាប់កំពុងខ្វះខាតចង្ហាន់

0

កំពង់ធំៈ ព្រះសង្ឃ30អង្គដែលគង់នៅវត្តបុទម្ភរ័ត្ន ហៅវត្តក្រចាប់ កំពុងតែជួបនូវការខ្វះខាតចង្ហាន់ ប្រចាំថ្ងៃ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងសហការី នាំយកគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទុកសម្រាប់ចែកជូនដល់ពលរដ្ឋក្រីក្ររ។

អំណោយដែលត្រូវបានប្រគេនជូន ព្រះសង្ឃនៅវត្តក្រចាប់ រួមមានអង្ករចំនួន២០០គីឡូក្រាម មីយើង៤កេស និងបច្ច័យដែលបានមកពីការរួមគ្នាដោយកំលាំងសទ្ធាជ្រះថ្លាលើវិស័យព្រះពុទ្ធសាសនា ចំនួន៣០០,០០០រៀល ប្រគេនព្រះសង្ឃគង់នៅក្នុងវត្តក្រចាប់ ចំនួន៣០អង្គដែល កំពុងតែសិក្សារៀនសូត្រ ហើយមានការខ្វះខាតចង្ហាន់ប្រចាំថ្ងៃ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យដឹងផងដែរថា ដោយបាន ទទួលដំណឹងពីប្រជាពលរដ្ឋ ថានៅក្នុងវត្តក្រចាប់ កំពុងតែជួបនូវភាពខ្វះខាត  ទាំងថវិកា និងគ្រឿងឧបភោគបរិភោគ ជាចង្ហាន់របស់ព្រះសង្ឃ៣០អង្គ ដែលបាននិមន្តមកពីតាមបណ្តាស្រុកផ្សេងៗ ដើម្បីមកបន្តសិក្សារៀនសូត្រ នៅក្នុងវត្ត ទើបបានដឹកនាំសហការីនាំយកអំណោយប្រគេនជូនព្រះសង្ឃ ពិធីប្រគេននេះត្រូវបានធ្វើឡើងនៅ ព្រឹកថ្ងៃទី១ ខែកុម្ភះ ឆ្នាំ ២០១៧ ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ក្នុងនោះក៏សូមសំណូមពរ ដល់ព្រះសង្ឃទាំងអស់មេត្តាគោរពនូវធម្មវិន័យព្រះពុទ្ឋសាសនា គោរពប្រតិបត្តតាមពុទ្ឋឱវាទ ធ្វើយ៉ាងណាឲ្យសាសនាយើងមានភាពថ្កុំថ្កើងរុងរឿង ។

ដោយ  ប៊ុន  រដ្ឋា