កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើវិន័យ និងសេចក្តីថ្លៃថ្នូររបស់ កងយោធពលខេមរភូមិន្ទ យោធិនគ្រប់រូប ត្រូវតែគោរពវិន័យឲ្យបានម៉ឺងម៉ាត់ដាច់ខាត គោរពនូវបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព និងគោរពនូវការចាត់តាំងរបស់ថ្នាក់ដឹកនាំ រួមទាំងការស្មោះត្រង់បំរើជាតិសាសនា ព្រះមហាក្សត្រ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលកើតឡើងពី ការបោះឆ្នោត។
ប្រសាសន៍នេះ ត្រូវបានលើកឡើងនៅក្នុងពិធីប្រជុំផ្សព្វផ្សាយការរឹតបន្តឹងវិន័យរបស់កងយោធពលខេមរភូមិន្ទ និងការចូលរួមគោរពច្បាប់ចរាចរណ៍ ជាគំរូដល់ប្រជាពលរដ្ឋ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមាន នាយទាហានចូលរួមជាច្រើនរូប នៅព្រឹកថ្ងៃទី២ ខែកុម្ភះ ឆ្នាំ ២០១៧ ក្នុងនាមកងទ័ពរបស់រាជរដ្ឋាភិបាល ត្រូវគោរពវិន័យកងយោធពលខេមរភូមិន្ទ យោធិនល្អត្រូវប្រកាន់ខ្ជាប់ភាពត្រឹមត្រូវ-យុត្តិធម៌-សមត្ថភាព និងចំណេះដឹង ច្បាស់លាស់ ដោយឡែក វិន័យបើអ្នកគ្រប់គ្រងផ្ទះសម្បែងវិញ បើកាលណាគ្រួសារណាមួយអត់វិន័យ គ្មានសីលធម៌ សុជីវធម៌ ក្នុងជីវិតរស់នៅ សមាជិកគ្រួសារនោះទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ លែងស្តាប់បង្គាប់អ្នកណាទាំងអស់ ធ្វើឱ្យគ្រួសារនោះ លែងស្គាល់ពន្លឺនៃសុភមង្គល។
ក្នុងនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ សោម ស៊ុន បានឲ្យយោធិនទាំងអស់ គោរពនូវច្បាប់ចរាចរណ៍ផ្លូវគោគ ដោយពាក់មួកសុវត្តិភាព រៀបចំបំពាក់ភ្លើងស្លាកសញ្ញាបច្ចេកទេសយានយន្ត ទាំងកញ្ជក់ ស្លាកលេខ ភ្លើងបំភ្លឺផ្លូវ ដើម្បីងាយស្រួលដល់អ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈបានឃើញ ដែលជាការកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ និងជាគំរូដល់ប្រជាពលរដ្ឋដែលជាអ្នកអនុវត្តច្បាប់។
និងសំណូមពរឲ្យយោធិនទាំងអស់អប់រំមិត្ត អប់រំកូនចៅ អប់រំក្រុមគ្រួសារជាទីស្រឡាញ់របស់ខ្លួន ឲ្យឃ្លាតឆ្ងាយពី គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដែលវាជាអំពើខុសច្បាប់ និងឲ្យក្រុមគ្រួសារវិនាសអន្តរាយ បើកាលណា ហ៊ានប្រព្រឹត្តនូវអំពើទាំងនេះ ហើយយោធិនគ្រប់រូប ហាមមិនឲ្យប៉ះពាល់និងគ្រឿងញៀនជាដាច់ខាត ។
ដោយ ប៊ុន រដ្ឋា





































