បុរសម្នាក់បានវាយប្រពន្ធស្ទើរស្លាប់ព្រោះតែសុំលុយទិញថ្នាំញៀនជក់មិនបាន

0

បន្ទាយមានជ័យ)៖ បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនខណៈដែលបានប្រើអំពើហិង្សាវាយទៅលើប្រពន្ធរបស់ខ្លួនស្ទើរតែស្លាប់។ការឃាត់ខ្លួនធ្វើឡើងកាលពីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះធឿន សុខម៉េន អាយុ៣២ឆ្នាំរស់នៅចំនុចចាប់ខ្លួនខាងលើជាភរិយាមិនបានរៀបការរបស់ជនដៃដល់ជាប្តីឈ្មោះ រ៉ាន់ រឿត អាយុ៣៨ឆ្នាំ។នៅក្នុងបណ្តឹងស្ត្រីជាភរិយាមិនបានរៀបការរូបនោះបានអះអាងថាខ្លួនត្រូវប្តីវាយយ៉ាងដំណំខណៈដែលសុំលុយគាត់ទិញគ្រឿងញៀនជក់តែគាត់មិនអោយ។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីរងគ្រោះបានរៀបរាប់អោយដឹងថា វាមិនមែនជាលើកទីមួយទេដែលបុរសជាប្តីរូបនេះបានវាយធ្វើបាបលើរូបរាងកាយគាត់គឺរយះពេលជាង១៥ឆ្នាំហើយ។តែកាលប្តីគាត់មិនទាន់ញៀនខ្លាំងគឺគ្រាន់តែឈ្លោះប្រកែកនិងវាយតប់ម្តងម្កាលប៉ុណ្ណោះហើយក៏ចេញជួយរកស៊ីចិញ្ចឹមកូនប្រពន្ធដែរ លុះដល់ប្តីគាត់មានការញៀនថ្នាំយូរទៅៗ ការងាររកស៊ីក៏លែងជួយគិតតែទារលុយទិញថ្នាំបើមិនបានរករឿងឈ្លោះនិងវាយតប់ជាប្រចាំ។ដោយទ្រាំលែងបានទើបដាច់ចិត្តប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនបើនៅតែបណ្តែតបណ្តោយទៀតច្បាស់ជាត្រូវប្តីវាយស្លាប់ថ្ងៃណាមួយមិនខាន។
ក្រោយចាប់ខ្លួនសមត្ថកិច្ចបានធ្វើតេស្តទឹកនោមជនបង្ក ជាលទ្ធផលសមត្ថកិច្ចបានរកឃើញក្នុងទឹកនោមមានផ្ទុកសារធាតុញៀន។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់រួចហើយ។