Raksamy:.
ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋរស់នៅភូមិវត្ត បានទៅជីករណ្ដៅដាក់បង្គោលចំបើង នៅក្នុងបរិវេណដីផ្ទះរបស់ខ្លួន ខណៈនោះក៏ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះម៉ាក M60 (កាំភ្លើងយន្តរាំបូ) នៅក្នុងរណ្ដៅ ចំនួន៣កេស ស្មើនឹង៧១៨គ្រាប់ នៅមានគុណភាព៨០ទៅ៩០% រួចរាយការណ៍ទៅឱ្យសមត្ថកិច្ចមូលដ្ឋាន ដើម្បីមកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្រែណូយ ជាបណ្តោះអាសន្ន។
ហេតុការណ៍ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនោះបានកើតឡើងនៅវេលាម៉ោង៨និង០០នាទី ព្រឹកថ្ងៃទី០៣ កុម្ភៈ ២០១៧ ស្ថិតនៅក្នុងបរិវេណផ្ទះ ភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ លោកវរសេនីយ៍ទោ ណុប សារ៉ាក់ អធិការនគរបាលស្រុកវ៉ារិន បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា បន្ទាប់ពីទទួលបានព័ត៌មានថា មានពលរដ្ឋមួយគ្រួសារបាន
ជីករណ្ដៅដាក់បង្គោលចំបើង នៅក្នុងបរិវេណដីផ្ទះរបស់គាត់ រួចក៏ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ម៉ាកM60 (កាំភ្លើងយន្តរាំបូ) នៅក្នុងរណ្ដៅចំនួន៣កេសសល់ពីសម័យសង្គ្រាម រួចពួកគាត់បានរាយការណ៍មកនគរបាលប៉ុស្ដិ៍រដ្ឋបាលស្រែណូយ ទើបលោក បានឱ្យនាយប៉ុស្ដិ៍នគរបាលស្រែណូយ ចុះទៅពិនិត្យ និងទទួលយកមករក្សាទុកនៅប៉ុស្ដិ៍។
លោកបានបន្តថា ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍ត្រួតពិនិត្យរួចរាល់ហើយ ក៏បានធ្វើការសន្និដ្ឋានថា គ្រាប់នេះជាគ្រាប់ដែលសេសសល់ កាលពីសម័យសង្គ្រាមគឺមានការកប់ទុកតាំងពីសម័យសង្គ្រាមទសវត្សឆ្នាំ១៩៨០ ដែលជាសង្គ្រាមផ្ទៃក្នុងរវាងកងទ័ពរដ្ឋកម្ពុជាជាមួយនឹងពួកទ័ពព្រៃខ្មែរក្រហម។ លោកបានបញ្ជាក់បន្ថែមថា គ្រួសារពលរដ្ឋ ដែលប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនោះមានឈ្មោះ ភឹង សុភ័ក្ដ អាយុ៥៣ឆ្នាំ នៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន បានជីករណ្ដៅដាក់បង្គោលចំបើង នៅក្នុងបរិវេណដីផ្ទះរបស់គាត់ ប្រទះឃើញគ្រាប់ម៉ាកM60(កាំភ្លើងយន្តរាំបូ)ក្នុងរណ្ដៅ
ចំនួន៣កេស ស្មើ៧១៨គ្រាប់ នៅគុណភាព៨០ទៅ៩០%។ បច្ចុប្បន្ន គ្រាប់ទាំងអស់នោះបានយកមករក្សាទុកនៅនគរបាលប៉ុស្ដិ៍រដ្ឋបាលស្រែណូយ រួចបញ្ជូនទុកនៅក្នុងឃ្លាំង ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ៕



































