ឯ.ឧ ណៅ-ធួកនាំអំណោយស័ង្កសីប្រគល់ជូ​នអង្គភាពទ័ពវរៈសេនាតូចការពារព្រំដែនលេខ៣០២និងចូលរួមព្រលែងអណ្ដើកសមុទ្រនៅខេ​ត្តកំពត

0

អួង វឹង.
ខេត្តកំពត.   នៅរសៀលថ្ងៃ​ទី ០៣​ខែកុម្ភៈ​ឆ្នាំ ២០១៧ ឯ.ឧ បណ្ឌិត ណៅ-ធួក​រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ តំណាងឯ.ឧរដ្ឋមន្ត្រី វេង-សាខុន​បាននាំយកនូវ អំណោយសម្ភារៈស័ង្កសីចំនួន១០០០សន្លឹក និងឧបករណ៍ត្រីវិស័យ GPS ចំនួន​៤គ្រឿង​ដើម្បី​ ប្រគល់ជូ​នដល់អង្គភាពកងទ័ពវរៈសេនាតូចលេខ៣០២​ការពារ​ព្រំដែន​ចំណុះតំបន់សឹករងកំពត ដែលពិធីប្រគល់និងទទួលបានធ្វើឡើង​នៅឯទី​បញ្ជាការដ្ឋានវរៈស្ថិតនៅក្នុងស្រុកកំពង់ត្រាចខេត្តកំពត។​
មានប្រសាសន៍ សំណេះសំណាល ឯ.ឧ​បណ្ឌិត ណៅ-ធួក ក្នុងនាមតំណាង ឯ.ឧ វែង-សាខុន រដ្ឋមន្ត្រី​ក្រសួង កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខដោយការនឹករលឹកចំពោះកងទ័ពក្នុងអង្គភាពទាំងអស់។​ ដែលជានិច្ចកាលទាំងថ្នាក់ដឹកនាំក៏ដូចមន្រ្តីរាជការក្រោមឱវាទក្រសួង ​តែងតែមានការផ្សារភ្ជាប់នូវមនោសញ្ចេតនានិងចូលរួមចំណែកចែករំលែកជួយឧបត្ថម្ភផ្គត់ផ្គង់​ទាំង សម្ភារៈ ថវិកា​គ្រឿងឧបភោគ​បរិភោគ​និងការកសាងអង្គភាពជាដើម បន្ទាប់ពីបាន ចុះសម្ព័ន្ធមេត្រីភាពជាមួយអង្គ​ភាពទ័ពវរៈសេនាតូចលេខ៣០២ការពារព្រំដែននារយៈពេលកន្លងមកជាបន្តបន្ទាប់។ ជាក់ស្តែង​អំណោយស័ង្កសីដែលបានាំយកមកប្រគល់ជូននាពេលនេះ គឺជាការឆ្លើយតបតំរូវការ ក្នុងការរួមចំ​ណែក​ កសាងអង្គភាពដើម្បីអោយមានលក្ខណៈកាន់តែល្អសមរម្យប្រសើរឡើងសម្រាប់អង្គភាពកងទ័ពបម្រើការងារជាចាំបាច់បន្ថែមទៀតផងដែរ។​
តមក ឯ.ឧ​បណ្ឌិត​ណៅ-ធួក និង​លោក​ចាន់-រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​កំពត ក៏បានបន្តទៅចូលរួម ធ្វើការព្រលែងសត្វអណ្ដើក​សមុទ្រ ចំនួន​២ក្បាល់ នៅតំបន់សហគមន៍បឹងទូក​ក្នុងស្រុកទឹកឈូ។ ដែលអណ្ដើក២ក្បាលនេះ១ក្បាលមានទម្ងន់​១២០គីឡូនិង១ក្បាលទៀតមានទម្ងន់១១០គីឡូដោយបានមកពីក្រុមអធិការកិច្ចនៃខណ្ឌរដ្ឋបាលជលផលកំពតចេញល្បាតនិងធ្វើការដកហូត​ពីប្រជានេសាទដោយឧបករណ៍នេសាទ អួនអូស នៅឃុំ​ឫស្សី​ស្រុកខាងលិចស្រុកកំពង់ត្រាចខេត្តកំពត។​
ឯ.ឧ​ណៅ-ធួក ក៏បានកោតសរសើរ​ចំពោះ​ប្រជានេសាទក៏ដូចសមត្ថកិច្ចជលផល​និងក៏បានផ្ដាំ​ផ្ញើ​ឲ្យ​បន្តយកចិត្តទុកដាក់​បន្ថែមទៀត​ដើម្បី​ថែរក្សា និងអភិរក្សធនធានសមុទ្រដ៏កម្រនេះសម្រាប់មនុស្សជំនាន់ក្រោយៗបានស្គាល់បានឃើញផងដែរ។​
សូមជំរាបថា៖ តាមការបញ្ជាក់​ឲ្យ​ដឹងពីមន្រ្តីជំនាញ​សត្វ​អណ្ដើក ២ក្បាលនេះអាចមានអាយុចន្លោះ​ពី​៥០ទៅ៦០ឆ្នាំហើយ និងអាចមានអាយុរស់នៅបានវែងចន្លោះចាប់ពី១០០ឆ្នាំឡើងព្រមទាំងការបន្តពូជមានអាយុចន្លោះចាប់ពី១៨ទៅ២០ឆ្នាំទើបមានការបន្តពូជបាន។​