កូនប្រុសជនជាតិចិនម្នាក់ លង់ទឹកស្លាប់ នៅក្នុងសណ្ឋាគារ (Miracle Hotel) ខណៈដែលឪពុក ម្តាយ នាំទៅហែលទឹកលេង ក្នុងអាង

0

ខេត្តសៀមរាប៖កូនប្រុសជនជាតិចិនម្នាក់ លង់ទឹកស្លាប់នៅក្នុងសណ្ឋាគារមីរ៉ាខល (Miracle Hotel) ខណៈដែលឪពុកម្ដាយ បាននាំគ្នាទៅងូតទឹកនៅក្នុងអាងហែលទឹកមួយ ដែលខ្លួនបានស្នាក់នៅ ប៉ុន្តែត្រូវបានម្ចាស់សណ្ឋាគារ បានឱ្យរថយន្តរបស់សណ្ឋាគារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ដើម្បីបំបិទភ័ស្តុតាង ភ្នែកសមត្ថកិច្ចនិងអ្នកសារព័ត៌មាន តែក្មេងប្រុសនោះត្រូវបានបាត់បង់ជីវិតតាំងពីនៅក្នុងសណ្ឋាគារម៉្លេះ បើតាមសម្តីរបស់ក្រុមគ្រូពេទ្យ។
ហេតុការណ៍លង់ទឹកស្លាប់ក្មេងជនជាតិចិននោះបានកើតឡើងកាលពីវេលាម៉ោង២០ និង៣៥នាទីយប់ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប។
បើតាមការរៀបរាប់ពីឪពុកម្តាយក្មេងរងគ្រោះបានប្រាប់សមត្ថកិច្ចនគរបាលជំនាញខេត្តថា មុនដំបូងពួកគាត់បាននាំកូនប្រុសដែលរងគ្រោះទៅលេងអាងហែលទឹកនៅទីតាំងក្នុងសណ្ឋាគារ មីរ៉ាខល (Miracle Hotel)បន្ទាប់មកពួកគាត់ដែលជាឪពុកម្តាយបានឡើងមកអង្គុយជជែកគ្នានៅក្បែរនោះបានមួយសន្ទុះ ទើបចាប់អារម្មណ៍ថា បាត់កូនរបស់គាត់ ក៏បាននាំគ្នារកមើល ស្រាប់តែឃើញកូនអណ្ដែតនៅកន្លែងទឹកជ្រៅ ហើយបានស្រង់កូន និងដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្លាមៗផងដែរ ពេលទៅដល់មន្ទីរពេទ្យ ត្រូវបានក្រុមគ្រូពេទ្យប្រាប់ថា ក្មេងរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ។
លោកវរសេនីយ៍ទោ វ៉ាន់ រិទ្ធ នាយការិយាល័យនគរបាលអន្តោប្រវេសន៍ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០១៧នេះថា ក្មេងប្រុសរងគ្រោះមានឈ្មោះ Hun Chen Guy អាយុ៦ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E9141790 ជាភ្ញៀវទេសចរណ៍បានមកស្នាក់នៅសណ្ឋាគារ មីរ៉ាខល (Miracle Hotel)។
បច្ចុប្បន្នសពក្មេងប្រុសជនរងគ្រោះត្រូវបានរក្សាទុកបណ្ដោះអាសន្ន នៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ រងចាំឯកសារពីស្ថានទូត ទើបធ្វើការចាត់តែងនិងប្រគល់ឱ្យទៅក្រុមគ្រួសារ តាមនីតិវិធី។
គួរបញ្ជាក់ផងដែរថា ការស្លាប់ក្មេងប្រុសជនជាតិចិន នេះ ត្រូវបានម្ចាស់សណ្ឋាគារបដិសេដ មិនទទួលខុសត្រូវចំពោះក្មេងដែលបានលង់ទឹកបាត់បង់ជីវិត នៅក្នុងសណ្ឋាគារនោះទេ ។