សមាគមអតីតយុទ្ឋជនខេត្តកំពង់ធំសាងសង់ផ្ទះមួយខ្នងជូនដល់អតីតមេប៉ូលិស អតីតយុទ្ធជន

0

កំពង់ធំៈ   ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានដឹកនាំសហការី នៃ​ប្រធានសមាគម​ស្រុក ចុះពិនិត្យស្ថានភាព ពីជីវភាពរស់នៅរបស់អតីតយុទ្ធជន និងជាអតីតជាមេប៉ូលិសម្នាក់ មាន​ស្នាដៃបំរើជាតិមាតុភូមិនាសម័យរដ្ឋកម្ពុជា កន្លងមក ដែលកំពុងមានជីវភាពខ្វះខាតជួបនូវការលំបាក គ្មានជម្រកស្នាក់នៅសមរ្យ។

ក្រោយពីក្រុមការងារសមាគមអតីតយុទ្ធជន បានពិនិត្យឃើញនូវភាពខ្វះខាត និងមានជីវភាពក្រីក្រ ពិតប្រាកដ ក៏បានដឹកនាំក្រុមការងារចុះនាំយក ស័ង្ខសី និងឈើ រួមទាំងឧបករណ៍ជាង ដើម្បីសាងសង់ផ្ទះជូនលោក ម៉ា គឹមយុង  អាយុ ៦៥ឆ្នាំ អតីតប្រធាន គ3 នៃកងកម្លាំងនគរបាលប្រយុទ្ឋ អា៣ ខេត្តកំពង់ធំបច្ចុប្បន្ន​រស់​នៅ​ភូមិ​ត្បូង​ក្រពើ​  ឃុំត្បូង​ក្រពើ​ ស្រុក​សន្ទុក​ ខេត្តកំពង់​ធំ នៅព្រឹកថ្ងៃទី ០៥ ខែកុម្ភះ ឆ្នាំ ២០១៧ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យដឹងថា ដោយបានប្រទះ​ឃើញផ្ទះរបស់លោក ម៉ា គឹមយុង ស្ថិតនៅក្នុងសភាពពុកផុយ និងធ្លុះធ្លាយ ស្ទើតែគ្មានកន្លែងជ្រក ម្យ៉ាងទៀត​មាន​ជីវភាពក្រីក្រ រស់នៅក្នុងសភាពជាជនពិការ ដែលអតីតជា ប្រធានគ្រប់គ្រងនិងដឹកនាំកម្លាំងនគរបាលប្រយុទ្ឋអា៣ ចំនួន១២០នាក់ក្នុងសម័យរដ្ឋកម្ពុជា ទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបប ប៉ុលពត បច្ចុប្បន្នគាត់ធ្លាក់ខ្លួនពិការ​មិនអាច​ធ្វើការងារអ្វីធ្ងន់បាន តែលោក ម៉ា គឹមយុង បានប្តេជ្ញាចិត្តហើយថា ស្មោះត្រង់ និងស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន អស់មួយជីវិតដោយក្តីអាណិតអាសូរ ក្នុងនាម​ខ្ញុំជា ប្រធានសមាគមអតីតយុទ្ឋជន​ខេត្តកំពង់ធំ បានសម្រេចដឹកនាំ​សហការី ដឹកឈើមកសាងសង់ជូននៅថ្ងៃនេះ។

ដោយ  ប៊ុន  រដ្ឋា