ខេត្តកំពង់ធំៈ កូនអនុប្រធានពន្ឋនាគារខេត្តកំពង់ធំ រួមទាំងបក្ខពួក៤ ត្រូវបានសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តកំពង់ធំ ចាប់ឃាត់ខ្លួន ដឹកនាំដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះបង្រ្កាបការចែកចាយនិងជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី ៧ ខែកុម្ភះ ឆ្នាំ២០១៧។
កិច្ចសហប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ត្រូវបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ដែលជាជួញ ដូរគ្រឿងញៀនឲ្យទណ្ឌិតដែលកំពុងតែជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកំពង់ធំ ដោយមានការជួញដូរដូចផ្សារ ត្រីដោយពុំមានការខ្លាចញញើតច្បាប់ ដោយសារតែ មានកូនអនុប្រធានពន្ឋនាគារ ជាអ្នកនាំគ្រឿងញៀន ចូលទៅឲ្យអ្នកជាប់ឃុំក្នុងពន្ឋនាគារ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿង ញៀនបានឃាត់ខ្លួនជនសង្ស័យបានចំនួន៥ នាក់ ក្នុងនោះមានទណ្ឌិត នៅក្នុងពន្ឋនាគារម្នាក់ រួមទាំង ថ្នាំញៀន២កញ្ចប់មួយកញ្ចប់តូច និងមួយកញ្ចប់ធំ ប្រភេទម្សៅស បេតមហ្វេតាមីន សមត្ថកិច្ច ឃាត់ខ្លួនអ្នកប្រើប្រាស់បានម្នាក់ ទើបបានកំណត់មុខសញ្ញាបានដឹងថា ទណ្ឌិតរូបនេះជាមេខ្លោងចែកចាយគ្រឿងញៀន ក្នុងពន្ឋនាគារតាមរយះកូនអនុប្រធានពន្ធនាគារដែលជាអ្នកចេញចូលក្នុងពន្ធនាគារនេះ លោក អ៊ិត សុធា បានបញ្ជាក់ផងដែរថា ជនសង្ស័យទាំង៥នាក់ ខណៈពុំទាន់អត្តសញ្ញាណនៅឡើយទេ និងត្រូវបានបញ្ជូនមកតុលាការ ដើម្បីចាត់វិធានការតាមនិតិវិធីច្បាប់។
ដោយ ប៊ុន រដ្ឋា





































