ដោយ៖ឡុង សំបូរ
ខេត្តរតនគិរី៖រាជរដ្ឋាភិបាល បានចំណាយថវិកាដ៏ច្រើនឥតគណនា ដើម្បីស្ថាបនាផ្លូវយុទ្ធសាស្ត្រមួយខ្សែមានច្រើនរយគីឡូម៉ែត្រ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា ឡាវនិងវៀតណាម សម្រាប់ការពារបូរណភាពទឹកដី បំរើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងដើម្បីប្រែក្លាយតំបន់ព្រំដែន ឲ្យទៅជាព្រំដែន សន្តិភាព មិត្តភាព និងការអភិឌ្ឍន៍ ។
ដើម្បីឆ្លើយតបឲ្យសក្តិសមទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល នោះ នៅថ្ងៃ៨កុម្ភះម្សិលមិញ ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិនិងថ្នាក់ដឹកនាំខេត្តរតនគិរី លោកថង សាវុន បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលពីដំណើរការក្នុងការស្ថាបនាផ្លូវយុទ្ធសាស្ត្រព្រំដែននោះ នៅស្រុកក្នុងអូរយ៉ាដាវ ខេត្តរតនគិរី ។
នាយកទីចាត់ការ ការពារព្រំដែន អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទលោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានសំរេចស្ថាបនាផ្លូវ១ខ្សែមានច្រើនរយគីឡូម៉ែត្រ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនក្នុងខេត្តរតនគិរី ប្រទេសកម្ពុជា ជាប់ព្រំដែនខេត្តយ៉ាឡាយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ចាប់ពីចំណុចបង្គោលព្រំដែនលេខ៣០ ឆ្ពោះទៅតំបន់មុំបីកន្ទុយនាគ
អនាគតតំបន់នោះនឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេស «ត្រីកោណមាស» សម្រាប់កម្ពុជា ។
លោកឧត្តមសេនីយ៍ បានមានប្រសាសន៍ទៀតថា ផ្លូវនេះស្ថាបនាដោយកងវិស្វៈកម្ម នៃកងយោធពលខេមរៈភូមិន្ទ បច្ចុប្បន្នឈូសឆាយ ត្រាស់សេ និងបើកផ្លូវបានប្រវែង២៧គីឡូ ម៉ែត្រ ហើយនឹងបន្តធ្វើការឈូសឆាយឲ្យដល់គោលដៅ នៃតំបន់មុំបី កន្ទុយនាគ ទៅតាមផែនការដែលបានកំណត់។ លោកថា ផ្លូវនេះជាជំហានដំបូង គឺយើងធ្វើការក្រាលគ្រួសក្រហមសិន ហើយនឹងឈានទៅក្រាលបេតុង ឬក្រាលកៅស៊ូនាពេលអនាគត់ ពីព្រោះផ្លូវក្រវ៉ាត់ខ្សែព្រំដែននេះ គឺជាផ្លូវយុទ្ធសាស្ត្រ សម្រាប់ការពារបូរណភាពទឹកដី ក៍ដូចជាការបំរើដល់ផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ព្រំដែននោះទៀតផង ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន សម្តេចតែងតែគិតគូជានិច្ច ចំពោះការអភិវឌ្ឍន៍តាមតំបន់ព្រំដែន ដើម្បីប្រែក្លាយតំបន់ព្រំដែន ឲ្យទៅជាព្រំដែន សន្តិភាព មិត្តភាព និងការអភិឌ្ឍន៍ ។
សូមជម្រាបថា ផ្លូវយុទ្ធសាស្ត្រព្រំដែននេះ នឹងតភ្ជាប់ពីខេត្តរតនគរី នៅជាប់ព្រំដែនវៀតណាម ជាមួយខេត្តស្ទឹងត្រែង ជាប់ព្រំដែនឡាវ ហើយផ្លូវយុទ្ធសាស្ត្រនៅក្នុងខេត្តស្ទឹងត្រែង នៅគ្រានេះ ស្ថាបនាបានជិត១៥០គីឡូម៉ែត្រហើយ។ ផ្លូវនេះនឹងតភ្ជាប់គ្នាពីខេត្តស្ទឹងត្រែង ទៅខេត្តរតនគិរី មណ្ឌល់គិរី ក្រចេះ ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង នោះថែមទៀត ។
បច្ចុប្បន្ន ផ្លូវយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល កំពុងដំណើរការស្ថាបនា ចាប់ពីបង្គោលសីមាលេខ១៣១ ក្នុងស្រុករមាសហែក ឆ្ពោះទៅបង្គោលព្រំដែនលេខ១៧១ ច្រកទ្វារព្រំដែនអន្តរជាតិក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំប្រទល់ខេត្តតៃនិញ ប្រទេសវៀតណាម។ ផ្លូវ១ខ្សែនេះនឹងតភ្ជាប់គ្នាពីព្រំដែនខេត្តស្វាយរៀង ជាមួយនឹងខេត្តរតនគិរី កម្ពុជា នាពេលខាងមុខនេះ៕



































