ចោរកាច់កម៉ូតូ! ទុកម៉ូតូមុខបន្ទប់ រួចចូលបន្ទប់ទឹក មួយភ្លែត លោកចោរកាច់.កយកទៅបាត់

0

ភ្នំពេញ...ដូចជាញឹកញាប់ពេកហើយនៅខណ្ឌពោធិ៍សែនជ័យល្បីខាងកាច់.កម៉ូតូ ឥលូវបុរសម្នាក់ទើបមកពីធ្វើការទុកម៉ូតូនៅមុខបន្ទប់ ហើយចូលទៅងូតទឹកមួយភ្លែតត្រូវបានជនសង្ស័យ២នាក់ធ្វើសកម្មភាពកាច់.កម៉ូតូបានដោយសុវត្ថិភាពហើយភ្លាមៗនោះម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដើម្បីអោយសមត្ថកិច្ចជួយអន្តរាគម។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៦ខែកុម្ភ: ឆ្នាំ២០១៧នៅចំណុចមុខបន្ទប់ជួល ជិតហ្គាសរ៉ាសាំង ផ្លូវចូលទៅទួលពង្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ម្ចាស់ម៉ូតូឈ្មោះ សៅ យោរី អាយុ៣១ឆ្នាំ មុខរបរជាងឈើ ស្នាក់កន្លែងកើតហេតុខាងលើ មានស្រុកកំណើតភូមិព្រៃធ្នុង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រីឯម៉ូតូដែលត្រូវជនសង្ស័យ២នាក់ដែលកាច់យកទៅបាត់នោះ ស៊េរីឌ្រីមសង់២០១១ស្លាកលេខ ភ្នំពេញ CI9928 ចំណែកជនសង្ស័យ២នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ធ្វើដំណើរដោយម៉ូតូ១គ្រឿងសំរាប់ធ្វើសកម្មភាព។

តាមការរៀបរាប់ពីម្ចាស់ម៉ូតូបានអោយដឹងថា មុនពេលកើតហេតុរូបខ្លួនបានត្រលប់មកពីការទៅបន្ទប់ហើយបានចាក់សោកម៉ូតូបញ្ឈរចោលដូចរាល់ដង ព្រោះគិតថាចូលទៅងូតទឹកមួយភ្លែតនឹងចេញទៅធ្វើការវិញ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ដែលមិនស្គាល់អត្តសញ្ញាណជិះម៉ូតូ១មកឈប់អែបបន្ទប់របស់គាត់ហើយបានយកដែករឹងមួយមកចាក់ខ្ទោះទ្វារពីខាងក្រៅ ហើយក៏បានធ្វើសកម្មភាពកាច់.កម៉ូតូតែម្តង ភ្លាមគាត់បានឮសូរដែរ ក៏បានស្ទុះចេញពីបន្ទប់ទឹកទៅបើកទ្វារតែបើកមិនរួចបានត្រឹមតែអើតតាមបង្អួចមើលចោរជិតម៉ូតូរបស់ខ្លួនទៅយ៉ាងស្រួល។

យ៉ាងណាមិញក្រោយពីកើតហេតុ សមត្ថិកិច្ចប៉ុស្តិ៍នគរបាលចោមចៅបានត្រឹមទទួលពាក្យបណ្តឹងជនរងគ្រោះតែប៉ុណ្ណោះ។