អជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី ដែលជាសម្បុកចោរ

0

ភ្នំពេញ៖ កម្លាំងគណ:បញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ឃឹម ស៊ុនសូដា ដែលជា អភិបាលរងខណ្ឌបានចុះទៅបង្ក្រាប ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដែលបើកលេងយូរហើយ ប៉ុន្តែអាជ្ញាធរ ទើបរកឃើញក្នុងពេលថ្មីៗនេះ ហើយត្រូវបានគេដឹងថា ទីតាំងហ្គេមមួយនេះគឺជាសម្បុកលាក់ខ្លួន របស់ក្រុម ចោរឆក់ លួចនិងប្លន់ ព្រមទាំងក្រុមអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀផងដែរ។ប៉ុន្តែការចុះទៅចាប់នោះ ហាក់ធ្វើឡើងឆក់កណ្ដៀត ខ្លាចអ្នកសារព័ត៌មានដឹងណាស់ ហើយចាប់បានតែ សំបកទូហ្គេមគ្រឿងប៉ុណ្ណោះ ចំណែកឯម្ចាស់ទីតាំងល្មើសច្បាប់ មិនត្រូវបានចាប់ខ្លួននោះទេ គឺទុកឲ្យរួចខ្លួនដើម្បីបើកលេងបន្តទៀត ជាពិសេសទីតាំងដែលនៅសេសសល់មួយចំនួនទៀត មិនហ៊ានបង្ក្រាបឡើយ។

ប្រតិបត្តិការនេះបានធ្វើឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០៧ នៅក្នុងសំណង់ផ្ទះ ល្បែងទុកចោលមួយកន្លែង ដែលមានទីតាំងនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រជាពលរដ្ឋបាននិយាយថា សព្វថ្ងៃនេះពួកគាត់បានយល់ថា បទល្មើស​ទាំងធំនិងតូច ដូចជាការលួច ឆក់ ប្លន់ និងបទល្មើសគ្រឿងញៀន ដែល​កើត​មានឡើង យ៉ាងកក្រើកនៅ​ក្នុងភូមិសាស្រ្ត ខណ្ឌពោធិ៍សែនជ័យ ​គឺផ្ដើម​ចេញ​ពីការកើតឡើង នៃបន​ល្បែងស៊ីសង​នានា មានទាំងហ្គេម សង្វៀនជល់មាន់ អាប៉ោង និងបៀរ និងកន្ទុយលេខជាដើម។ខណៈ​ទីតាំង​ទាំងនោះ មួយចំនួនត្រូវបានអាជ្ញាធរចុះបង្ក្រាប និងមួយចំនួនទៀត ក៏មើលរំលងផងដែរ ដោយឡែកទីតាំងហ្គេ​ម​បាញ់ត្រី ដែលត្រូវចុះបង្ក្រាបខាងលើនោះ បានបើកលេងដោយ រលូនយូរមកហើយ នៅក្នុងសំណង់ផ្ទះល្វែងទុកចោលខាងលើនោះ។ដែលបានពង្វក់​សិស្ស​សាលា​ ឲ្យភ្លេចការរៀនសូត្រ និងគេចសាលា ភ្លេច​បាយ​ភ្លេច​ទឹក​ ភ្លេច​សាលា​ និង​ក្បត់​ទំនុកចិត្ដ​ឪពុក​ម្ដាយ​ អាណាព្យាបាល​ដោយ​ញៀន​នឹង​ល្បែង​ទាំងនេះ​។មិនតែប៉ុណ្ណោះបានបង្កើតឲ្យមានក្រុម​បង​តូច​-បងធំ​ អ្នកប្រើប្រាស់គ្រឿងញៀន ហើយក៏ជាសម្បុកសម្រាប់ ក្រុមចោរលួច ចោរឆក់និង ចោរប្លន់ ព្រមទាំងអ្នកជួញដូរនិងប្រប្រាសយគ្រឿងញៀនលាក់ខ្លួនផងដែរ។

ប្រភពដដែលបានបន្តថា ទីតាំងហមគេមមួយនេះបានបើក២៤​ម៉ោង​លើ​២៤​ ដោយឡែកកន្លែងផ្សេងទៀត ដែលធ្លាប់ត្រូវបានកម្លាំងចុះបង្ក្រាប បានបើកលេងឡើងវិញ ប៉ុន្តែបានប្តូររូបភាពថ្មីក្នុងការចូលលេង ដោយខ្លះ ចាក់សោរទ្វារពីក្រៅ ហើយខ្លះបិទពេលថ្ងៃ បើកលេងពេលយប់ ដោយមានអ្នកចាំមើលផ្លូវ ហើយបើអ្នកស្គាល់ ទើបបើកទ្វារឲ្យចូល ឬក៏ចំហរទ្វារត្រឹមតែបន្តិច ជាសញ្ញាសម្រាប់អ្នកចូលលេងដឹង ព្រមទាំងបិទបាំងមិនឲ្យ ឃើញភ្លើងនោះទេ។មិនតែប៉ុណ្ណោះនៅពេលយប់ជ្រៅ បានបង្កជាសំឡេងឡូរឡា ឈ្លោះប្រកែកគ្នារំខាន អ្នកជិតខាងរកដេកពួនមិនបាន ហើយក៏ឧស្សាហ៍មានទំនាស់ ដេញវាយកាប់គ្នាបង្កអសន្តិសុខគួរឲ្យខ្លាច ថែមទៀតផង។

សូម​បញ្ជាក់ថា នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍សែនជ័យ មាន​ទីតាំង​លួច​បើក​​ ហ្គេមបាញ់ត្រី ហ្គេមអិនធើណែត ល្បែងភ្នាល់​បាល់ កត់​កន្ទុយលេខវៀតណាមជ្រកក្រោម ឆ្នោតខ្មែរ និងហ្គេម​ស៊ីសងជាច្រើន ជាពិសេសផ្លូវវ៉ងស្រេង ផ្លូវ២០០៤ ​ហើយទីតាំង​ទាំងនោះ​មាន​ប្រមាណ​ រាប់រយកន្លែង​ មិនដឹងយ៉ាងមិចទើបអាចបើកបានយ៉ាង រលូន​ដូច្នេះ​ទេ។

រំលឹកថា គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព របស់សាលា​រាជធានី​ភ្នំពេញ​ បានចេញ​វិធានការ យ៉ាង​ម៉ឺងម៉ាត់​ដោ​យ​បញ្ចប់​ សកម្មភាព​ល្បែងស៊ីសង ​ប្រភេទ​ហ្គេម​បាញ់​ត្រី​ឲ្យ​អស់​ក្នុងមូលដ្ឋាន និងមិនអោយអជ្ញាធរណាទៅពាក់ព័ន្ធឬកាងល្បែងស៊ីសងគ្រប់ប្រភេទ និងមានវិធានការតាមផ្លូវច្បាប់៕

ដោយ បក្សីចាំក្រុង