ខេត្តសៀមរាប៖ភ្លៀង ខ្យល់ កន្ទ្រាក់ ក្នុងរដូវប្រាំង មួយមេធំ នៅក្នុងក្រុងសៀមរាប បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋមួយចំនួន ត្រូវបានរលំដល់ដី និងបាក់ដើមឈើ ធំ ៗ ចំនួន៣ ដើម នៅកន្លែងផ្សេងគ្នា បានសង្កាត់មកលើខ្សែភ្លើង ដាច់នៅតាមដងស្ទឹងសៀមរាប បាក់បង្គោលភ្លើង១ដើម និង ផ្ទាំងលម្អភ្លើង កាត់តាមដងផ្លូវក្នុងក្រុងសៀមរាប ដែលជារបស់សាលាខេត្តសៀមរាប បង្កឱ្យមានការកកស្ទះចរាចរមួយសន្ទុះធំ ខណៈពេលនេះ ត្រូវបានខាងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មកធ្វើការកាត់ដើមឈើ ដែលបាក់នោះជាកង់ៗ ដើម្បីដឹកយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើ ព្រះដាក់ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប និងមានខាងមន្ត្រីអគ្គិសនី បានមកកាត់ខ្សែភ្លើងដែលដាច់នោះ ដើម្បីធ្វើការតឱ្យពលរដ្ឋប្រើប្រាស់ឡើងវិញ។
ហេតុការដែលបណ្តាលឱ្យបាក់ដើមឈើនៅតាមដងផ្លូវស្ទឹងសៀមរាបនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១២រសៀល រហូតដល់ម៉ោងជិត៣រសៀលថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុង/ខេត្តសៀមរាប។
បើតាមប្រភពពីមន្ត្រីជំនាញ ដែលចុះដល់ទីតាំងខាងលើបានប្រាប់ថា មុនដំបូងមានភ្លៀងមួយមេ ព្រមទាំងមានខ្យល់បក់ខ្លាំងថែមទៀត កាលពីរសៀលថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៧ បណ្តាលឱ្យរលំផ្ទះប្រជាពលរដ្ឋ អស់មួយចំនួន និងបាក់ដើមឈើធំៗ ចំនួន៣ដើម សង្កាត់មកលើ បង្គោលភ្លើងបាក់អស់មួយចំនួន និងផ្ទាំង លម្អ កាត់ទទឹងផ្លូវ ដងស្ទឹងសៀមរាប អស់មួយចំនួន ដែលជារបស់ខាងសាលាខេត្តសៀមរាប បង្កឱ្យមានការកកស្ទះចរាចរ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចរាចរ ដែលប្រចាំនៅគោលដៅ មុខ ព្រះអង្គចេក ព្រះអង្គចម ដើម្បីជួយសម្រួលចរាចរនៅទីនោះផងដែរ។ប្រភពបានបន្តថា ចំពោះខ្សែភ្លើងវិញ ក៏ត្រូវបានដាច់អស់មួយចំនួនផងដែរ ខណៈពេលនេះ ក៏បានខាងមន្ត្រីជំនាញរបស់រដ្ឋបាលព្រៃឈើ បានយកឡានស្ទួច មកដឹកយកទៅរក្សានៅផ្នែករដ្ឋបាលបន្ទាយស្រី។ចំណែកខ្សែភ្លើងវិញ ត្រូវបានខាងមន្ត្រីអគ្គិសនី មកធ្វើការតឡើងវិញ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនិង ម្ចាស់សណ្ឋាគារមួយចំនួន ដែលមានដាច់ភ្លើងនោះផងដែរ។
ប្រភពពីមន្ត្រីអគ្គិសនីបានប្រាប់ថា ខ្សែភ្លើងដែលបានដាច់នៅតាមបង្គោលភ្លើង មាត់ស្ទឹងសៀមរាប ខណៈពេលកំពុងភ្លៀងមួយមេ ដ៏ធំនោះ ត្រូវបានដើមឈើបាក់មកលើ សង្កាត់ផ្ទាំងលម្អកាត់ទទឹងផ្លូវរបស់សាលាខេត្ត បណ្តាលឱ្យដាច់ខ្សែភ្លើងនោះ ត្រូវបានត ភ្ជាប់ឡើងវិញ អស់ហើយ ដើម្បីកុំឱ្យបងប្អូន និង អាជីវករ តាមសណ្ឋាគារ នៅតាមដងស្ទឹងសៀមរាប មានការងងឹត។
សូមរម្លឹងផងដែរថា ភ្លៀងមួយមេធំ ក្នុងរដូវប្រាំង ដែលបណ្តាលឱ្យបាក់ដើមឈើធំៗ ចំនួន៣ដើម និង បាក់ផ្ទាំងលម្អកាត់ទទឹងផ្លូវ ដែលជារបស់សាលាខេត្ត ដើម្បីទុកលម្អផ្លូវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមកដើរលេងកំសាន្ត តាមប្រាង្គប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងជាកេរិ៍្ត មរត តាំងពីដូនតា មក នេះជាលើកទី១ នៅដើមឆ្នាំ២០១៧ នៃខេត្តសៀមរាប៕ដោយ ច័ន្ទ រស្មី 




































