កំពង់ធំៈ សមគមអតីតយុទ្ធជនខេត្តកំពង់ធំ បានបន្តសកម្មភាពយ៉ាងសកម្ម ដើម្បីសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន ដែលមានជីវភាពក្រីក្រពិតប្រាកដ គ្មានជម្រក់ស្នាក់នៅ គ្មានដីធ្លី មានដីអត់ផ្ទះ និងជួបនឹងការលំបាក ត្រូវបានសមាគម ចុះធ្វើបច្ចុប្បន្នភាព ស្រង់ស្ថិតិដើម្បីដោះស្រាយនូវភាពខ្វះខាត នៅតាមមូលដ្ឋាន ក្នុងខេត្តកំពង់ធំ។
ជាក់ស្តែងផ្ទះមួយខ្នង ដែលជាផ្ទះលើកទី២៩ ហើយ បានសាងសង់ និងប្រគល់ជូនដល់អតីត
យុទ្ធជនដែលមានភាពខ្វះខាត ឈ្មោះ រឹម សារីទ្ឋ ភេទប្រុស មានកូនបីនាក់ក្នុងបន្ទុក ដែលខ្វះខាតជម្រកស្នាក់នៅពិតប្រាកដ ក្នុងពិធីប្រគល់ផ្ទះថ្មី ក្រុមការងារបានផ្តល់ជូនគាត់នូវ អង្ករ ២៥ គីឡូក្រាម មីយើងមួយកេស និងថវិកាចំនួន ៥០០,០០០ រៀលផងដែរ ទីលំនៅ នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ឋជនខេត្តកំពង់ធំ និងសហការី រួមជាមួយលោកព្រឹម រដ្ឋា អភិបាលស្រុកស្ទោង លោកមេឃុំកំពង់ចិនជើង បានចុះទៅប្រគល់ផ្ទះថ្មីជូនលោក រឹម សារិទ្ឋ ដែលមានទំហំផ្ទះ ៤មគុណ៦ម សាងសង់អំពីឈើ ប្រកស័ង្ខសី ចំណាយថវិកា ៤,៩៥០,០០០រៀល ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៥ ខែកុម្ភះ ឆ្នាំ ២០១៧។
លោក រឹម សារិទ្ឋ បានសូមគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានផ្តល់ផ្ទះថ្មីជូនគាត់ និងអតីតយុទ្ឋជនដ៏ទៃទៀតដែលខ្វះជម្រកស្នាកក់នៅពិតប្រាកដដូចជាគាត់ដែរ និងសូមគាំទ្រ ស្មោះត្រង់ជាមួយសម្តេចតេជោ ហ៊ុន សែន អស់មួយជីវិត ។
ដោយ ប៊ុន រដ្ឋា




































