ស្វាយរៀង ៖ មានការភ្ញាក់ផ្អើលមួយដោយសារអគ្គីភ័យលេបត្របាក់ហាងការ៉ាអូខេកាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ខារ៉ាអូខេលេខ៤៤៤ ក្នុងហាងខារ៉ាអូខេយីហោ ផល ផារិន ដែលស្ថិតក្នុងភូមិគោកក្តោល ឃុំគ្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
តាមការអោយដឹងពីនារីបំរើខារ៉ាអូខេក្នុងហាងខាងលើ បានអោយដឹងថា មុនពេលកើតហេតុមានភ្ញៀវ៤ទៅ៥នាក់បានចូលទៅច្រៀងក្នុងបន្ទប់លេខ៤៤៤នោះ ហើយក្រោយពីច្រៀងចប់ ចេញមកគិតលុយចេញអស់បាន
មួយសន្ទុះស្រាប់តែមានភ្លើងឆាបឆេះចេញពីក្រោមសាឡុងក្នុងបន្ទប់ ធ្វើអោយមានផ្សែងនិងអណ្តាតភ្លើងយ៉ាងខ្លាំង បង្ករជាការភ្ញាក់ផ្អើលពេញហាង ។ ភ្លាមៗនោះម្ចាស់ហាងបានទូរសព្ទ័ហៅឡានទឹកពីស្នងការខេត្តមកជួយពន្លត់ ចំណែកមនុស្សនៅក្នុងហាងម្នាក់ៗបានរត់រកទឹក និងយកបំពុងផ្សែងពន្លត់អគ្គីភ័យមកបាញ់ពន្លត់អស់៣បំពុង និងអ្នកខ្លះទៀតបាននាំគ្នាអូសយកសាឡុងដែលភ្លើងឆេះចេញមកក្រៅពន្លត់រហូតរលត់អស់ ទើបឡានទឹកទៅដល់។ 
ហេតុការណ៌នេះត្រូវបានគេសន្និដ្ឋានថា បណ្តាលមកពីភ្ញៀងដែលចូលច្រៀងខារ៉ាអូខេនោះ ជក់បារីរួចបោះកន្ទុយបារីចូលក្រោមសាឡុងនោះ ហើយគ្មានអ្នកណាដឹង ទើបធ្វើអោយរងើកភ្លើងឆាបឆេះទៅជាអគ្គីភ័យបែបនេះទៅ តែសំណាងហើយដែលហាងនេះមានបំពុងពន្លត់អគ្គីភ័យ និងបានបាញ់ពន្លត់អោយរលត់ទាន់ពេលវេលា កុំអីអាសន្នធំហើយ។ ហេតុការណ៌នេះមិនបានបណ្តាលអោយនរណាម្នាក់រងរបួសនោះទេ ត្រឹមតែធ្វើអោយខូចខាតទ្រព្យសម្បត្តិក្នុងហាងប៉ុណ្ណោះ។អ្នកឃើញហេតុការនាំគ្នាលន់មាត់ថានេះសំណាងហើយដែលភ្លើងមិនរាលដាលដល់ការ៉ាស់សាំងនៅខាងមុខកុំអីមិនដឹងទៅជាយ៉ាងណានោះទេ។



































