កំពង់ធំៈ កិច្ចប្រជុំប្រគល់តួនាទីភារកិច្ច ដល់នាយទាហាន គ្រប់បណ្តាស្ថាប័ន អង្គភាពចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបែងចែកភារកិច្ច ទទួលខុសត្រូវ ក្នុងកិច្ចការពារសុវត្តិភាព នៃឳកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលកំពុងតែរំកិលខិតមកនាពេលខាងមុខនេះ។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នអង្គភាព និងផ្នែកសឹករងទាំងប្រាំបី រួមជាមួយនឹងវរសេនាតូចទាំង២ មានសមាជិកចូលរួមប្រជុំចំនួន៩៦ នាក់ នៅព្រឹកថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០១៧ នៅសាលប្រជុំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ផ្តោតទៅលើខ្លឹមសារសំខាន់ៗចំនួន២ ក្នុងនោះមាន ១ ប្រគល់ផែនការ ឲ្យកងកម្លាំងដែលប្រចាំការនៅតាមមូលដ្ឋាន ផ្នែក ស្រុកក្រុង ត្រូវការសហការ ជាមួយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធផ្សេងៗទៀតដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទាំងមុនចូលឆ្នាំ ពេលចូលឆ្នាំ និងក្រោយចូលឆ្នាំ ដើម្បីឲ្យប្រជារដ្ឋទូទាំងខេត្តសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅពេលខាងមុខ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ពីខ្លឹមសារនូវចំនុចទី២ គឺត្រូវផ្សព្វផ្សាយផែនការសហការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាជនយើងដែលអញ្ជើញចូលរួមក្នុងកម្មវិធីសំបូរសង្ក្រាន្តថ្មីឆ្នាំ២០១៧ នៅប្រាសាទសំបូរព្រៃគុក ក្នុងថ្ងៃទី ១៤ ,១៥,១៦ ខែមេសាឆ្នាំ២០១៧ ក្នុងនោះក្នុងនាមយើងជាកងកម្លាំងត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ មិនត្រូវប្រព្រឹត្តអ្វី នាំឲ្យបាត់បង់ ខូចកិត្តិយស របស់អង្គភាព ឬមានផលប៉ះពាល់ដល់ស្ថាប័នជាតិផងដែរ។
ដោយ ប៊ុន រដ្ឋា




































