កំពង់ធំៈ ក្រៅពីការងារអតីតយុទ្ធជន ឧត្តមសនីយ៍ សោម ស៊ុន បានយកចិត្តទុកដាក់ មកលើការរស់នៅរបស់ប្រជា ពលរដ្ឋទីទ័លក្រ ដែលមានជីវភាពខ្វះខាត រកព្រឹកខ្វះល្ងាច និងនៅតែខិតខំតស៊ូជីវិត ចិញ្ចឹមក្រុមគ្រួសារ និងកូនៗឲ្យបានចូលរៀន និងព្រៀនប្រដៅកូនឲ្យដើរគន្លងធម៌ និងក្លាយជាមនុស្សល្អក្នុងសង្គម ។
ដោយការអាណិតអាសូរ របស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី លោកនាយប៉ុស្តិ៍រដ្ឋបាល ទៅប្រគល់ផ្ទះមួយខ្នងដែលមានទំហុំ៤x៦ម៉ែត្រ សម្រាប់ឲ្យក្រុមគ្រួសារទីទ័លក្រស្នាក់នៅ ឲ្យបានសមរម្យនិងគេ ដោយសារផ្ទះចាស់មានសភាពចាស់ទ្រុឌទ្រម ធ្លុះធ្លាយស្ទើរទាំងអស់ ទើបបានសាងសង់ផ្ទះថ្មី ដែលត្រូវបានចំណាយថវិការ ទឹកប្រាក់ចំនួន៣.០៦០.០០០៛ ជូនប្រជាពលរដ្ឋទីទ័លក្រមួយគ្រួសាររស់នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនិយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ដោយមើលឃើញនូវទុក្ខលំបាក់របស់ពលរដ្ឋក្រីក្រមួយ គ្រួសារនេះ ដែលមានឈ្មោះ ឡន ណយ អាយុ៤៤ឆ្នាំ និងភរិយាឈ្មោះ វ៉ាន ផា មានកូនបីនាក់ចេះតស៊ូជីវិតនិងអប់រំ កូនចៅបានល្អ ដោតប្តីដើរស៊ីឈ្នួលធ្វើកម្មករឲ្យគេ រីឯភរិយា វេចនំអន្សមដើរលក់គ្រាន់បានថវិកាដើម្បីចិញ្ចឹមជីវិត ថែមទាំងរកព្រឹកខ្វះល្ងាច ជួនកាលប្តីឈឺគ្មានប្រាក់សម្រាប់ទិញថ្នាំព្យាបាលទៅទៀត រីឯផ្ទះចាស់ពេលភ្លៀងៗធំម្តងៗត្រូវរត់ទៅជ្រកតាមផ្ទះអ្នកជិតខាង ព្រោះផ្ទះចាស់ដំបូលប្រក់ស្លឹកនិងជញ្ជាំងធ្លុះធ្លាយ អស់ ទើបសម្រេចចិត្តសាងសង់ផ្ទះជូនមួយខ្នង ធ្វើអំពីឈើនិង ប្រកស័ង្ខសីបាន ប្រគល់ជូននៅល្ងាចថ្ងៃទី២០ខែមីនាឆ្នាំ២០១៧។
នៃឳកាសនេះដែរ ក្រុមការងារបានផ្ដល់ជូននូវអង្ករចំនួន២៥គីឡូក្រាម មីយើងមួយកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាចំនួន១០០.០០០៛ ដើម្បីទុកសម្រាប់ប្រើប្រាស់ ក្នុងនោះឯកឧត្តម សោម ស៊ុន បានផ្តាំផ្ញើរ ឲ្យចេះថែរក្សាបីបាច់កូនចៅ អប់រំកូនឲ្យឃ្លាតឆ្ងាយពីគ្រឿងញៀន ព្រមទាំងរក្សាទ្រព្យសម្បត្តិឲ្យបានគង់វង់ ការពារឲ្យបាននូវរដូវក្តៅនេះ ចៀសវាងមានអគ្គីភ័យកើតឡើង។
ដោយ ប៊ុន រដ្ឋា




































