កំពង់ធំៈ ប្រជាពលរដ្ឋទីទ័លក្រមួយគ្រួសារ រស់នៅក្នុងខ្ទមកំសត់ រកព្រឹកខ្វះល្ងាច តែកម្មអកុសល ត្រូវបានភ្លើងឆេះខ្ទមរលាយអស់ ដោយសារតែម្ចាស់ផ្ទះមានជំងឺប្រកាច់ ហើយបណ្តាលឲ្យប៉ះចង្កៀង ក៏ដួលឆេះខ្ទមអោយរលាយអស់តែម្តង តែដោយមានការអាណិតអាសូ របស់ ឯកឧត្តម ឧត្តសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឲ្យលោក លក វង្ស មេបញ្ជាការកងរាជអាវុធហត្ថស្រុកសណ្តាន់ ដឹកនាំមន្រ្តីក្រោមឳវាទសាងសង់ផ្ទះមួយខ្នងជូន ដល់គ្រួសារទីទ័លក្រដែលភ្លើងឆេះផ្ទះនេះ ។
ពិធីប្រគល់ផ្ទះមួយខ្នងនេះ ត្រូវបានចូលរួមពីសំណាក់ ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងលោក ឡង់ គឺសឹង អភិបាលស្រុកសណ្ដាន់ ព្រមទាំងមេបញ្ជាការកងរាជអាវុធហត្ថស្រុកសណ្តាន់ នៅព្រឹកថ្ងៃទី២១ខែមិនា ឆ្នាំ២០១៧ ដោយផ្ទះនេះធ្វើអំពីឈើ ប្រកស័ង្ខសី ដែលមានទំហំ៥ គុណនិង៧ម៉ែត្រជូនគ្រួសារទីទ័ល ដែលមានឈ្មោះ យឹន ផៃ អាយុ ៦០ឆ្នាំ អតីតជាគ្រូជាបង្រៀននៅសាលាបឋមសិក្សាសណ្ដាន់ ឥឡូវចូលនិវត្តន៍ហើយ មានប្ដីឈ្មោះ អឹម ខ្ញី អាយុ៤២ឆ្នាំ មានកូន ២នាក់ ពួកគេមានគ្រួសារអស់ហើយ។
អ្នកមីង យឹន ផៃ បានឲ្យដឹងថាក្រុមគ្រួសាររបស់គាត់ មានជីវភាពក្រីក្រលំបាកណាស់ សព្វថ្ងៃ រស់នៅតែ២នាក់ប្ដីប្រពន្ធ ក្នុងខ្ទមប្រក់កៅស៊ូនេះឯង ចំណែកប្ដីខ្ញុំគាត់មានជំងឺប្រកាច់ម្ដងៗ និងសសៃប្រាសាទទៀតផង ហើយផ្ទះរបស់ខ្ញុំបានឆេះដោយសារតែប្ដីរបស់ខ្ញុំប្រកាច ប៉ះចង្កៀងដួលហើយក៏ឆេះរាលដាលរហូតឆេះអស់ទាំងស្រុងតែម្ដង។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដោយសារមើលឃើញពីការទុក្ខលំបាកវេទនាខ្លាំងពេក ហើយពុំលទ្ធភាពធ្វើអ្វីសោះទើបឯកឧត្តមបានណែនាំអោយកងកម្លាំង ក្នុងមូលដ្ឋាន និងបញ្ជាការស្រុកក្រុង រៃអង្កៀសគ្នា ទាំងថវិកាក្តី ឈើក្តី តាមលទ្ធភាព ដើម្បីធ្វើផ្ទះជូនក្រុមគ្រួសារមួយនេះ ដែលត្រូវបានចំណាយទឹកប្រាក់អស់ ប្រាំពីរលានហុកសិបប្រាំម៉ឺនរៀល អង្ករ៥០គីឡូក្រាម មី២កេះ ទឹកត្រី៣ យួរ ទឹកស៊ីអ៊ីវ ២យួរ ទឹកសុទ្ធ២យួរ ទឹកដោះគោឆៅ ២យួរ និងថវិកា៤០០០០០រៀល ព្រមទាំងសម្ភារះ ប្រើប្រាស់ក្នុងផ្ទះបាយមូយចំនួនធំទៀត។
ដោយ ប៊ុន រដ្ឋា



































