(កែប)៖ សពស្រី្តវ័យកណ្តាលម្នាក់មានសភាពហើមស្អុយរលួយទៅហើយ ត្រូវគេប្រទះឃើញដេកស្លាប់នៅចំណុចដីឡូតិ៍មួយកន្លែងជាប់មាត់សមុទ្រ ខាងជើងផ្ទះសំណាក់វិសាលសកិ្តចម្ងាយ៣០០ម៉ែត្រស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៥ខែមីនា ឆ្នាំ២០១៧ម្សិលមិញ។
បើតាមក្រុមសាច់ញាតិនៃសពបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានឈ្មោះ អ៊ុយ ឆេង អាយុ៤៧ឆ្នាំជាស្ត្រីម៉េម៉ាយ មុខរបរកសិករ រស់នៅក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ហើយស្រ្តីរងគ្រោះបានបាត់ខ្លួននៅព្រឹកថ្ងៃទី២២ខែមីនា ឆ្នាំ២០១៧ដោយមិនដឹងវង្វេងទៅទីណា លុះ៣ថ្ងៃបន្ទាប់ទើបមានទើបមានគេប្រទះឃើញដេកស្លាប់ក្នុងដីឡូតិ៍មួយកន្លែងក្នុងស្ថានភាពស្អុយរលួយបាត់ទៅហើយ។សាច់ញាតិបានបញ្ជាក់អះអាងថា សព្វថ្ងៃស្ត្រីរងគ្រោះតែងមានទម្លាប់ផឹកស្រាស្រវឹងជាប្រចាំ ហើយវង្វេងដើរមិនសូវចូលផ្ទះទេ ជួនផឹករហូតដាច់បាយដាច់ទឹក ដើរវង្វេងដេកតែកន្លែងផ្តេសផ្តាស ដោយចាត់ទុកជាទម្លាប់របស់គាត់(ស្ត្រីរងគ្រោះ)ទៅហើយ ទើបពេលបាត់ខ្លួនបានជាគ្មានបងប្អូនណាចាប់អារម្មណ៍នោះ។លុះមានគេប្រទះឃើញសពទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ។
ចំពោះករណីប្រទះឃើញសពនេះដែរសមត្ថកិច្ចជំនាញបានបញ្ជាក់អះអាងថា ស្ត្រីខាងលើអាចស្លាប់ក្នុងរយៈកាលបីមកហើយថែមទាំងមានសភាពស្អុយរលួយនិងមានដង្កូវចោះទៀតផងហើយបើតាមការធ្វើកោសល្យវិច័យសព អាចបញ្ជាក់ថា ពុំមានពាក់ព័ន្ធនឹងករណីឃាតកម្មនោះឡើយ គឺស្រី្តរងគ្រោះអាចផឹកស្រាស្រវឹងជោគជាំដោយមិនហូបអាហារទើបដើរវង្វេងបណ្តាលឲ្យខ្យល់គដេកដួលស្លាប់នៅក្នុងដីឡូតិ៍ខាងលើតែម្តង។
សពស្ត្រីខាងលើក្រោយជំនាញពិនិត្យរួចរាល់ ក៏បានប្រគល់ទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅឯលំនៅឋាន៕



































