ខេត្តរតនគីរី៖ ជនសង្ស័យចំនួន៤នាក់ ត្រូវកម្លាំងនគរបាលស្រុកបរកែវ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១០នឹង២០នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវចូលចំការលោក ថុល ដែលស្ថិតនៅក្នុង ភូមិកក់ ឃុំកិះចុង ស្រុកបរកែវ ខេត្ដរតនគីរី ករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ។
មន្ត្រីនគរបាលដែលចុះបង្ក្រាបបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ទី១ឈ្មោះ ថា ពៅ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ មានទីលំនៅភូមិលើកឃួន ឃុំកិះចុង ស្រុកបរកែវ ខេត្ដរតនគីរី។ ទី២ ឈ្មោះ គឹម ឈាត អាយុ២៦ឆ្នាំ ជនជាតិច្រាយ មានមុខរបរ ធ្វើចំការ មានទីលំនៅ ភូមិលើកឃួន ឃុំកិះចុង ស្រុកបរកែវ ខេត្ដរតនគីរី។ ទី៣ ឈ្មោះ ស៊ី ដារឹទ្ធ អាយុ៣១ឆ្នាំ
ជនជាតិខ្មែរ មានមុខរបរ ជាងឈើ មានទីលំនៅ ភូមិឡាមិញ ស្រុកបរកែវ ខេត្ដរតនគីរី។ ទី៤ ឈ្មោះ ប៊ុន ស៊ីថា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើចំការ មានទីលំនៅភូមិកក់ធំ ឃុំកក់ ស្រុកបរកែវ ខេត្ដរតនគីរី ។ដកហូត វត្ថុតាង(សង្ស័យថ្នាំញៀន)ចំនួន២៣.១០ ក្រាម។បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវដើម្បី បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ដោយ: យក្ខឡោម




































