កំពង់ធំៈ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ និងជាមន្រ្តីទទួលបន្ទុក កិច្ចការអនុវត្ត និងលោក ឈឺន មន្នី ក្រឡាបញ្ជី បានដឹកនាំអនុវត្តដីកា រឹបអូសទ្រព្យសម្បត្តិរោងចក្រដែលមានម៉ាស៊ីន១៤មុខ ជាណ្តោះអាសន្ន ដែលមានទឹកប្រាក់ជំពាក់ធានាគារ កាណាឌីយ៉ា ជាង១០លានដុល្លារបស់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ ២០១៧ ស្ថិតនៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោក ហាក់ សៀកលី និងលោក អ៊ុក សំណាង ជាមេធាវីតំណាងឲ្យធនាគារកាណាឌីយ៉ា បានអានដីការសម្រេចរឹបអូស ទ្រព្យសម្បត្តិបណ្តោះអាសន្ន លេខ១១៨ រ.ដ.រ ចុះថ្ងៃទី៩ ខែមិនា ឆ្នាំ ២០១៧ របស់សាលារាជធានីភ្នំពេញ និងបានហាមឃាត់មិនអោយនាំយកសម្ភារៈ និងទ្រព្យសម្បត្តិ តាមលិខិតបញ្ជាក់ចលនទ្រព្យជា កម្មវត្ថុប្រាតិភោគ ជូនធានាគារកាណាឌីយ៉ា របស់ម្ចាស់ក្រុមហ៊ុនBVB ( ខេមបូឌា) អេហ្រ្គីខលឈើរ ឌីវេឡុបមែន ដែលមានលោក ដួង វិបុល និងលោកស្រី អែម សុគន្ធារី ជាសហម្ចាស់ភាគហ៊ុន ជាកូនបំណុលហាម និងហាមកូនបំណុល ឈ្មោះ ដួង វិបុល និងប្រពន្ឋឈ្មោះ ខៀវ រ៉ាវី ព្រមទាំងឈ្មោះ តូច បុប្ឋា និងប្រពន្ឋឈ្មោះ ឯម សុ គន្ធារី មិនអោយ
ធ្វើសកម្មភាព លក់ ដូរ ជួល បញ្ចាំ ផ្ទេរសិទ្ធ ធ្វើអំណោយ និងលទ្ធកម្មផ្សេងៗ នូវចលនវត្ថុមួយចំនួនដែលមានអត្តសញ្ញាណក្នុងតារាងឧបសម្ព័ន្ឋទី១ ដែលមាន១៤ប្រភេទ ចំណែក សម្ភារៈទាំងអស់ ហាមនាំចេញទៅក្រៅបរិវេណរោងចក្រ និងរក្សាទុកនៅទីតាំងដដែល ប្រគល់ភារកិច្ចជូន លោក តូច សុខជា ជានិយកប្រតិបត្តិរបស់ក្រុមហ៊ុន BVB ជាអ្នកទទួលខុសត្រូវ រួមជាមួយសមត្ថកិច្ច និង សន្តិសុខឯកជនរបស់ធានាគារកាណាឌីយ៉ា ការពារនិងទទួលខុសត្រូវ។
ក្រុមហ៊ុនBVB គឺជាក្រុមហ៊ុនមួយដ៏ធំ បានវិនិយោគផ្នែកម៉ាស៊ីនកិនស្រូវ និងផលិតចំណីសត្វខ្លួនឯង សម្រាប់ ចិញ្ចឹមជ្រូករាប់ម៉ឺនក្បាល និងជាក្រុមហ៊ុនដ៏មានឈ្មោះល្បីនៅក្នុងខេត្តកំពង់ធំ ក្រោមការដឹកនាំគ្រប់គ្រងរបស់ដោយលោក ដួង វិបុល ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចអនុវត្តដីកា តាមម្ចាស់បំណុលធានាគារ កាណាឌីយ៉ា ដែលកូនបំណុលបានខ្ចីលុយធនាគារកាណាឌីយ៉ា សរុបមកដល់បច្ចុប្បន្ន១០លាន១៥,០០០ដុល្លាសហរដ្ឋអាមេរិក ដោយរឹបអូសយកសម្ភារៈ ជាបណ្តោះអាសន្ន ។
ដោយ ប៊ុន រដ្ឋា




































