ជនជាតិគ្រឹងជាប្រពន្ធគ្រូបង្រៀនត្រូវឃុំខ្លួនបណ្តោះអាសន្ន ក្រោយពីប្តីបានស្លាប់ក្នុងអំពើហិង្សា

0

ខេត្តរតនគិរីៈ គ្រូបង្រៀនម្នាក់បានស្លាប់ ក្រោយពីបានមុតនឹងកាំបិទបន្ទោះ ខណៈគ្រួសារគាត់បានកើតអំពើហិង្សាមួយ កាលពីរាត្រីថ្ងៃទី២៩ ខែមិនាឆ្នាំ២០១៧នេះរបាយការណ៍នគរបាលបានអោយដឹងថាៈ អំពើហិង្សានេះកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី២៩ ខែមិនា នៅក្នុងភូមិតាផ្លឺន សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ ជនរងគ្រោះ មានមុខរបរជាគ្រូបង្រៀន ក្រោយពីបានមុតនឹងកាំបិទបន្ទោះ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយរបួសធ្ងន់ធ្ងរពេក គាត់បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃដដែលនោះ ហើយត្រូវក្រុមគ្រួសារដឹកមកធ្វើបុណ្យនៅគេហដ្ឋាន។ ប្រពន្ធជនរងគ្រោះឈ្មោះ ឆ្មិច ណាងកិ អាយុ២២ ឆ្នាំ ជនជាតិគ្រឹង នាងកំពុងត្រូវឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យនគរបាលសង្កាត់កាចាញ។

នាង ឆ្មិច ណាងកិ បានប្រាប់សមត្ថកិច្ចជំហានដំបូងថា គាត់និងប្តីបានមានជម្លោះនឹងគ្នា។ ក្នុងជម្លោះនោះប្តីគាត់បានកាន់កាំបិទបន្ទោះនឹងដៃគំរាមសម្លាប់គាត់ តែនៅពេលមានការប្រតាយប្រតប់កាំបិទនោះបានធ្លាក់ចូលក្នុងប្រហោងរនាបបន្ទះឬស្សី (ផ្លែកាំបិទឡើងលើ) ។

នាងបន្តថាៈ ប្តីគាត់បានអុកគូថលើកាំបិទនោះ ក្រោយមានការរុញច្រានគ្នាទៅវិញទៅមក។
នគរបាលមិនបានបញ្ជាក់ក្នុងរបាយការណ៍ថា តើស្នាមមុតមានប្រវែងប៉ុន្មានសង់ទីម៉ែត្រ និងជំរៅរបួសនោះទេ តែតាមឃើញការពិនិត្យជាក់ស្តែងដោយនគរបាល ឃើញមានស្នាមមុត នៅនឹងត្រគាកខាងឆ្វេង ទំនងមានជំរៅជ្រៅ ហើយហូរឈាមច្រើន ទើបបណ្តាលអោយស្លាប់ក្នុងរយៈពេលខ្លីយ៉ាងនេះ។

ទោះយ៉ាងណា នាយការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការនគរបាលខេត្ត លោក យឹម សារ៉េត តាមរយៈការធ្វើកោសល្យវិច័យនៅព្រឹកថ្ងៃទី៣០ ខែមិនានេះ បានសន្និដ្ឋានជំហានដំបូងថាៈ ករណីនេះជាអំពើមនុស្សឃាដ តែមិនទាន់ដឹងថា ចេតនាឬអចេតនានោះនៅឡើយទេ។នៅរសៀលថ្ងៃទី៣០ ខែមិនានេះ ក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្តនគរបាលខេត្ត សហការជាមួយនគរបាលក្រុងបានលុង និងនគរបាលសង្កាត់កាចាញ កំពុងនៅបន្តធ្វើកោសល្យវិច័យនៅផ្ទះជនរងគ្រោះនោះនៅឡើយទេ។ការស៊ើបអង្កេតរបស់នគរបាលយ៉ាងល្អិតល្អន់នេះ ត្រូវគេដឹងថា ក្នុងបំណងស្វែងរកការពិត ក្នុងការស្លាប់របស់លោកគ្រូបង្រៀនម្នាក់នេះ៕ តាជួង